ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា៖ សមយុទ្ធរួមគ្នារវាងកងទ័ព កម្ពុជា-ចិន ឆ្នាំ២០២៣ បានកត់ត្រាទុក ក្នុងប្រវត្តិសាស្ត្រ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា សមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-ចិន ឲ្យឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» គឺជាសមយុទ្ធមួយដែល កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំ កត់ត្រាទុកក្នុងប្រវត្តិសាស្ត្រយោធា នៃកិច្ចសហប្រតិបត្តិការមិត្តភាព រវាងប្រទេសទាំងពីរ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ជាមួយតំណាងកងទ័ពរំដោះប្រជាជនចិន បិទសមយុទ្ធសុខាភិបាលយោធា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោករបស់កម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានឲ្យដឹងថា កងយោធពលខេមរភូមិន្ទ មានមោទកភាពជាទីបំផុត បានធ្វើជាម្ចាស់ផ្ទះជាលើកទី១ សមយុទ្ធរួមគ្នា រវាងកងទ័ពទាំងពីរកម្ពុជា-ចិន នាពេលនេះ ធ្វើឲ្យកងទ័ពប្រទេសទាំងពីរ ទទួលបានការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ រៀនសូត្រពីគ្នា ទៅវិញទៅមកយ៉ាងល្អប្រសើរ និងបង្កើនកិច្ចសហការជាមួយគ្នា កាន់តែជិតស្និទ្ធថែមទៀត សម្រាប់ជួយ ផ្ដល់ការគាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក ។

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បន្ថែមថា សមយុទ្ធយោធានេះ ដែលដំណើរការទទួលបានជោគជ័យ ផ្ដើមចេញពីការទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងកងទ័ពប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការនេះ ត្រូវ បានលើកកម្ពស់ជានិច្ចសម្រាប់ បម្រើឲ្យកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងការទូតយោធា ក៏ដូចជាការអនុវត្ត យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាល និងកងទ័ព ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ បានព្រមព្រៀងគ្នានាពេលកន្លងមក ។

លោកឧបនាយករដ្ឋមន្ដ្រីបន្ដថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកថា ការងារហ្វឹកហ្វឺន គឺជា កត្តាគន្លឹះដ៏សំខាន់មួយ សម្រាប់អភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សវ័យក្មេង បន្តវេនការងារនាពេលអនាគត ដែលជាជ្រុងអាទិភាពមួយក្នុង យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈ ដល់កងកម្លាំងប្រដាប់ អាវុធគ្រប់ភេទ ដើម្បីបន្តធានាកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាព ទឹកដី សន្តិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់សង្គម៕

To Top