ភ្នំពេញ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នឹងដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នាចុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ។
នេះបើតាមការបញ្ជាក់របស់គាគីកម្ពុជា-ថៃ ក្នុងជំនួបរវាងលោក សារ៉ាន់ ចារើនសុវណ្ណ លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងការបរទេសថៃ និងលោកស្រីបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការនៃក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងពេលអញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារ នៅទីក្រុងបាងកក កាលពីថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ។
ក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាយ៉ាងផុសផុលអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ លើគ្រប់វិស័យ ដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ការងារ ការដោះមីន និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។
ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរបានផ្តោតការពិភាក្សាអំពី ការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅចុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។
ជាមួយគ្នានោះភាគីទាំងពីរ មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិសយ័របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការទ្វេភាគី ដ៏ល្អប្រសើររវាងព្រះរាជាណាចក្រទាំងពីរ នឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ ៕