ភ្នំពេញ៖ គម្រោង «ចលនាភូមិថ្មី» ដោយផ្ដោតទៅលើការផ្លាស់ប្ដូរផ្នត់គំនិត ពីភាពខ្ជិលច្រអូស ផ្ដេកផ្ដួលលើជំនួយខាងក្រៅ និងភាពអាត្មានិយម មកជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម រឹងមាំដោយខ្លួនឯង និងចេះជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ កំពុងត្រូវបាន ក្រសួងអភិវឌ្ឍន៍ជនបទ ដាក់ឱ្យអនុវត្តន៍ក្នុងភូមិចំនួន៣០ នៅខេត្តកំពង់ស្ពឺ តាកែវ និងត្បូងឃ្មុំ។
ជាក់ស្ដែង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាជនសហគមន៍ចលនាភូមិថ្មី នៅភូមិជម្ពូព្រឹក្ស ឃុំចម្ប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
បន្ទាប់ពីបានស្ដាប់របាយការណ៍វឌ្ឍនភាព របស់សហគមន៍ចលនាភូមិថ្មីរួចមក លោកដ្ឋមន្រ្ដី បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ព្រមទាំងបានឧបត្ថម្ភ ឧបករណ៍បំពងសម្លេងមួយ ឈុតដល់សហគមន៍ផងដែរ ។ ជាមួយនេះ ក៏បានអញ្ជើញទៅពិនិត្យសមិទ្ធផលនានារបស់សហគមន៍ចលនាភូមិថ្មី រួមមាន ៖ សាលាមត្តេយ្យ ទីស្នាក់ការគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ សួនកុមារ ស្រះទឹក សាលាបុណ្យ តម្បាញលក្ខណៈគ្រួសារ និងពិនិត្យស្រះចិញ្ចឹមត្រីជាលក្ខណៈគ្រួសារផងដែរ។
សូមបញ្ជាក់ផងដែរថា៖ គម្រោងអភិវឌ្ឍន៍ជនបទតាមគំរូចលនាភូមិថ្មី បាននិងកំពុងអនុវត្តភូមិគំរូសាកល្បងចំនួន ៣០ភូមិ ក្នុងខេត្តចំនួន ៣ គឺខេត្តកំពង់ស្ពឺ១០ភូមិ តាកែវ១០ភូមិ និងខេត្តត្បូងឃ្មុំចំនួន១០ភូមិ ។ ដោយឡែកនៅឃុំចម្ប៉ា ស្រុកព្រៃកប្បាស មាន៥ភូមិគឺ៖ ភូមិជម្ពូព្រឹក ភូមិឫស្សីថ្មី ភូមិពន្សាំង ភូមិចម៉្បា និងភូមិរនាមពេជ្រ ៕




