ភ្នំពេញ ៖ ក្នុងដំណើរទៅដល់ទឹកដីមហាអំណាចអាមេរិកនាព្រឹកថ្ងៃ២២ កញ្ញា ម៉ោងនៅកម្ពុជា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានអះអាងថា សម្តេចនាយករដ្ឋមន្រ្តីគឺជាមេដឹកនាំដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។
ក្នុងឱកាសទៅដល់អាមេរិករបស់មេដឹកនាំកម្ពុជានេះ លោក ប៉ែន បូណាបានបញ្ចេញសំណេរប្រហែលមួយទំព័រសៀវភៅនាថ្ងៃដដែលដោយរៀបរាប់ថា នៅក្នុងប្រទេស មានពលរដ្ឋអ្នកបោះឆ្នោតជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន។ នេះជាអត្រានៃការគាំទ្រខ្ពស់បំផុតរបស់គណបក្សប្រជាជនកម្ពុជា។
ចំណែកនៅឯក្រៅប្រទេសវិញ លោកប៉ែន បូណាបន្តទៀតថា មានពលរដ្ឋខ្មែរភាគច្រើនលើសលប់គាំទ្រគណបក្សប្រជាជនកម្ពុជានិយាយជារួម និងនិយាយដោយឡែក គាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាក់ស្តែង វត្តមានរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៅទីក្រុងញូវយ៉កពេលនេះ មានពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា យ៉ាងច្រើនកុះករចេញមកស្វាគមន៍។
លោកក៏បានបង្ហាញថា ទាំងនេះគឺជាទឡ្ហីករណ៍ច្បាស់លាស់ និងជាក់ស្តែងបំផុតដែលបញ្ជាក់ពីការគាំទ្រយ៉ាងលើសលប់របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ចំពោះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្តេចតេជោ ហ៊ុន សែន៕





