ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ស្នើ គ.ជ.អ.ប ធ្វើការជាមួយដៃគូពិនិត្យឡើងវិញ គោលការណ៍ផ្លាស់ប្ដូរ ប្រធានការិយាល័យអប់រំ និងនាយកសាលា

រូបភាព ដើមអម្ពិល

ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានស្នើលេខាធិការដ្ឋាន គ.ជ.អ.ប ធ្វើការជាមួយ ក្រសួង-ស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពិនិត្យឡើងវិញ អំពីគោលការណ៍ ឬនីតិវិធី នៃការតែងតាំង ផ្លាស់ប្ដូរប្រធានការិយាល័យអប់រំ យុវជន និងកីឡា និងនាយកសាលា ដើម្បីធានាឲ្យមានតម្លាភាព។

នាឱកាសអញ្ជើញជាអធិបតីពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បណ្ឌិត ស សុខា បានស្នើក្រសួងអប់រំ យុវជន និងកីឡា បន្តសហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំបញ្ចប់សេចក្ដីណែនាំ ស្តីពីគោលការណ៍បែបបទ និងនីតិវិធី សម្រាប់អនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បានរួចរាល់ ដើម្បីឈានទៅរៀបចំវគ្គបណ្ដុះបណ្ដាលដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នាចុងឆ្នាំ២០២៣នេះ។

ទន្ទឹមគ្នានេះ លោកស្នើបន្តសហការ ជាមួយក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំ និងដាក់ចេញប្រកាសផ្ទេរ បុគ្គលិកអប់រំ ដែលកំពុងបម្រើការងារ នៅតាមគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ គ្រឹះស្ថានបឋមសិក្សា សាធារណៈ និងមជ្ឈមណ្ឌលសិក្សាសហគមន៍ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ ស្របតាមបែប បទនិងនីតិវិធីជាធរមាន បានរួចរាល់យ៉ាងយូរត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៣ ។

លោកគូសបញ្ជាក់ថា «ផ្អែកតាមការណែនាំរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំជាមួយអភិបាលរាជធានី-ខេត្ត កាលពីថ្ងៃទី១៣ ខែកញ្ញា កន្លងទៅនេះ ខ្ញុំសូមស្នើលេខាធិការដ្ឋាន គ.ជ.អ.ប ធ្វើការជាមួយក្រសួងអប់រំ យុវជន និង កីឡា ក្រសួងមុខងារសាធារណៈ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលពាក់ព័ន្ធធ្វើការពិនិត្យឡើងវិញអំពីគោលការណ៍ បែបបទ នីតិវិធីនៃការតែងតាំង ការផ្លាស់ប្តូរប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ និងនាយកសាលា ដើម្បីធានាឲ្យមានតម្លាភាព គណនេយ្យភាព និងធានា បានការគ្រប់គ្រង ការចាត់ចែងមុខងារអប់រំ ស្របតាមស្ដង់ដារដែលបានកំណត់»។

លើសពីនេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានឲ្យដឹងថា ការពិនិត្យឡើងវិញមិនមានន័យថា «ថ្នាក់ជាតិដកត្រឡប់មកវិញនូវមុខងារនេះ ពីរដ្ឋបាលថ្នាក់ក្រោមជាតិនោះឡើយ»៕

To Top