ភ្នំពេញ ៖ ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ កញ្ញា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា មានការរីកចម្រើនជាលំដាប់ ។
ថ្លែងក្នុងកិច្ចពិភាក្សានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ ក៏មានការរីកចំរើនជាលំដាប់ កាលពីខែកក្កដា ឆ្នាំនេះ កម្ពុជា បានរៀបចំការបោះឆ្នោតសកលប្រកបដោយជោគជ័យ ដោយមានគណបក្សនយោបាយ ១៨ ចូលរួមប្រកួតប្រជែង ប្រជាជនជាង៨.២លាននាក់ បានទៅបោះឆ្នោត ស្មើនឹងអត្រាអ្នកទៅបោះឆ្នោត ៨៤.៥៩% ដែលជាអត្រាខ្ពស់បំផុត ចាប់តាំងពីពេលដែលរៀបចំ ដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៩៣ ។ នេះជាសក្ខីភាព យ៉ាងច្បាស់បង្ហាញពីភាពចាស់ទុំនយោបាយ និងភាពក្លៀវក្លា របស់ប្រជាជនយើង នៅក្នុងការអនុវត្ត សិទ្ធិប្រជាធិបតេយ្យ ។ ការបោះឆ្នោតនេះ ត្រូវបានវាយតម្លៃយ៉ាងទូលំទូលាយថា សេរី និងយុត្តិធម៍ និងអាចចាត់ទុកបាន ដោយអ្នកសង្កេតការណ៍ រាប់ពាន់នាក់បូករួមទាំងអ្នកសង្កេតការណ៍អន្តរជាតិ ៣៣៣នាក់ មកពីប្រទេសចំនួន៦៥» ៕