ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា រំលេចពីភាពជោគជ័យ លើការគ្រប់គ្រង ជំងឺកូវីដ១៩ ប្រាប់មហាសន្និបាតUN

ភ្នំពេញ៖ ក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ កញ្ញា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលេច ពីភាពជោគជ័យ នៃការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ព្រមទាំងការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ចកម្ពុជា ។

ក្នុងកិច្ចពិភាក្សានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជាមួយនឹងសន្តិភាព និងស្ថិរភាពឋិតថេរ កម្ពុជាបន្តរីកចម្រើនគួរឱ្យ កត់សម្គាល់លើគ្រប់វិស័យ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ អត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ១.៦% ហើយសេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើងជាង៧% ក្នុងមួយឆ្នាំ រហូតដល់ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩។

សម្ដេចធិបតី គូសបញ្ជាក់ថា «កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែល ជោគជ័យបំផុត នៅក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ និងការងើបឡើងវិញ ក្រោយវិបត្តិ។ កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២២ បានងើបឡើងវិញក្នុងអត្រា ៥.២% និងត្រូវបានព្យាករណ៍ថា បន្តកើនឡើងក្នុងរង្វង់ ៥.៦% នៅឆ្នាំ២០២៣នេះ» ។

សម្ដេចធិបតី នាយករដ្ឋមន្រ្តី បន្ថែមថា ដូចដែលបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ កាលពីខែកកក្កដា កន្លងទៅ ៧២.៥% នៃសូចនាករ និងសូចនាកររងនៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព សុទ្ធតែមានវឌ្ឍនភាពល្អ។ ប្រទេសកម្ពុជា កំពុងផ្លាស់ប្ដូរពីឋានៈជាប្រទេសដែល មានការអភិវឌ្ឍតិចតួច ទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៧ ដោយសារតែមានគោលនយោបាយដ៏ត្រឹមត្រូវ និងសមត្ថភាពរបស់រាជរដ្ឋាភិបាល នៅក្នុងការរក្សាបាននូវ សុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចខ្ពស់ ការបែងចែកផលពីកំណើន ប្រកបដោយសមធម៍ ក៏ដូចជាសហប្រតិបត្តិការល្អ ជាមួយ ដៃគូពាក់ព័ន្ធទាំងអស់ ៕

To Top