ភ្នំពេញ៖ លោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក បានថ្លែងអបអរសាទរ ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ណែត ចំពោះការឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ការប្រកាសអបអរសាទរនេះ ធ្វើឡើងក្នុងឱកាសអនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក ចូលជួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំឡុងពេលចូលរួមកិច្ចប្រជុំទូទៅ នៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី ៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឲ្យដឹងថា ក្នុងជំនួបនេះ លោកស្រី វ៉ិចតូរីយ៉ា នូលែន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចធិបតី ដែលបានអញ្ជើញមកទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៨ ។
លោកស្រីអនុរដ្ឋមន្ត្រី ការបរទេសស្ដីទីអាមេរិក ក៏បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកស្វាគមន៍ឱកាស ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈការធ្វើការជិតស្និទ្ធជាមួយ សម្តេចធិបតី និងចង់ឃើញ សម្តេចធិបតី ក៏ ដូចប្រទេសកម្ពុជាទាំងមូល ទទួលបានជោគជ័យ ៕