ព័ត៌មានជាតិ

កម្ពុជា មានកម្លាំងពលកម្ម និងជំនាញ ជាយុវជនវ័យក្មេង ប្រកបដោយថាមពល

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា កម្ពុជា មានកម្លាំងពលកម្ម និងជំនាញ សុទ្ធសឹងតែជាយុវជនវ័យក្មេង ប្រកបដោយថាមពល ខណៈរាជរដ្ឋាភិបាល យកចិត្តទុកដាក់ដល់សហគ្រិនជាស្រ្តី។

នាឱកាសអញ្ជើញជាសហធិបតីរួមជាមួយលោក TYT Tun Seri Setia (Dr) Hj Mohd Ali bin Mohd Rustam ប្រធានអង្គការ DMDI ក្នុងពិធីបើកសន្និសីទ របស់អង្គការពិភពម៉ាឡាយូ ពិភពឥស្លាម Dunia Melayu Dunia Islam(DMDI) លើកទី២១ ស្ដីពី «ការពង្រឹងសហគ្រិនភាព នៃសមាជិក DMDI និងដៃគូនានា» នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ លោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកទឹកចិត្តដល់សហគ្រិន ជាសមាជិក DMDI ទាំងអស់ ពិសេសជូនចំពោះអ្នកដែលចូលរួមក្នុងសន្និសីទ នាថ្ងៃនេះ សូមពិចារណា ចូលមកវិនិយោគនៅកម្ពុជា ដោយហេតុថា កម្ពុជាផ្តល់ការលើកទឹកចិត្តខ្ពស់ ដល់វិនិយោគិនទាំងអស់ អាចចូលមកវិនិយោគដោយបើកចំហ លើគ្រប់វិស័យ និងដោយគ្មានការរឹត បន្តឹងលើកម្មសិទ្ធិ ។

លោក ឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «កម្ពុជា ក៏មានកម្លាំងពលកម្ម និងជំនាញ សុទ្ធសឹងតែជាយុវជនវ័យក្មេង និងប្រកបដោយថាមពល ហើយក្នុងនោះ រាជរដ្ឋាភិបាលបានផ្ដល់ការ យកចិត្តទុកដាក់ដល់សហគ្រិន ដែលជាស្រ្តីផងដែរ»។

លោក ឧបនាយករដ្ឋមន្ដ្រី បន្ដថា កម្ពុជា ជាប្រទេសនៅចំណុចកណ្ដាល នៃតំបន់អាស៊ាន និងនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ដែលប្រមូលផ្ដុំទៅដោយមនុស្សជាង ៦៥០លាននាក់ ព្រមទាំងជាសមាជិកដៃគូសេដ្ឋកិច្ច និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីផ្សេងៗទៀត ហើយសំខាន់ជាងនេះគឺ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗ ទាំងក្នុងប្រទេស តភ្ជាប់ទៅប្រទេសជិតខាង និងទៅកាន់ពិភពលោក គឺសុទ្ធសឹងតែផ្ដល់បរិយាកាស ល្អដល់វិនិយោគិន ឱ្យចូលមកវិនិយោគនៅកម្ពុជា។

លោក ឧបនាយករដ្ឋមន្ដ្រី បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យលើកកម្ពស់ទំនើបកម្ម នៃរចនាសម្ព័ន្ធឧស្សាហកម្ម ពីឧស្សាហកម្ម ដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មជំនាញត្រឹមឆ្នាំ២០២៥ តាមរយៈការតភ្ជាប់ ទៅកាន់ខ្សែច្រវ៉ាក់តម្លៃសកល ការធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មក្នុងតំបន់ និងការអភិវឌ្ឍខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផលិតកម្ម ស្របតាមការពង្រឹងសមត្ថភាពប្រកួតប្រជែង និងផលិតភាព នៃឧស្សាហកម្មក្នុងស្រុក ខណៈដែលបន្តអភិវឌ្ឍ ឧស្សាហកម្មទំនើប ដោយផ្អែកលើបច្ចេកវិទ្យា និងទិន្នន័យ៕

To Top