ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា តាំងចិត្តខ្ពស់ ក្នុងការគោរពសិទ្ធិមនុស្ស សម្រាប់វិនិយោគិនបរទេស

ភ្នំពេញ ៖ ថ្លែងចេញពីឯនាយសមុទ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ ក្នុងការគោរពអនុវត្តន៍តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស សម្រាប់វិនិយោគិនបរទេស។

ក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ជាមួយនឹងសុខសន្ដិភាពពេញលេញ កម្ពុជារក្សាបានយ៉ាងរឹងមាំ នូវសណ្ដាប់ធ្នាប់សង្គម សន្ដិសុខ សុវត្ថិភាពសង្គម និងស្ថិរភាពនយោបាយ ដូចសហរដ្ឋអាមេរិកដែរ កម្ពុជា ជឿជាក់លើសេរីភាព និងបានចាក់ឬសក្នុងលទ្ធិប្រជាធិបតេយ្យ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ ក្នុងការគោរពអនុវត្តន៍តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស សម្រាប់វិនិយោគិនបរទេស ប្រទេសដែលមានស្ថិរភាព នយោបាយ និងមានកំណើនសេដ្ឋកិច្ចឆាប់រហ័ស គឺជាគោលដៅដែលវិនិយោគចង់បាន»។

សម្ដេច បន្ថែមថា ខណៈពិភពលោកកំពុងរងផលប៉ះពាល់ដោយការរីរាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ពិតជាមានភាពធន់ និងបានប្រយុទ្ធឈ្នះលើសមរភូមិកូវីដ-១៩ ទាំងស្រុង ក្នុងនាមជាប្រទេស ដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋពេញលេញ និងបើកដំណើរប្រទេសបានឆាប់រហ័ស ទោះបីជាមានភាពវឹកវរនៅក្នុងសេដ្ឋកិច្ចសកល កម្ពុជា បានខិតខំប្រឹងប្រែង និងសម្រេចបាននូវកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៥.៦% នៅឆ្នាំ២០២៣នេះ»។

សម្ដេច បន្ដថា កម្ពុជា មានឆន្ទៈ ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណ ដែលជារបៀបរវារៈ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងរយៈពេល ២៥ឆ្នាំនៅមុខ យុទ្ធសាស្ដ្រនេះ កំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវទ្យា ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងការរីកចម្រើនលើផ្នែកឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម យុទ្ធសាស្ដ្រនេះ បានផ្ដោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស និងបច្ចេកវិទ្យាឌីជីថល។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា គោលដៅចម្បង នៃយុទ្ធសាស្ដ្រនេះ គឺមាន ២ផ្នែក មួយផ្នែក ដើម្បីរក្សាចលនការនៃសុខសន្ដិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងមួយផ្នែកទៀត គឺដើម្បីកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធន់នៃវិស័យចំនួន មានដូចជា៖ វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្ស និងសង្គម និងវិស័យបរិស្ថាន ព្រមទាំងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕

To Top