ព្រឹកថ្ងៃទី ២៣ ខែកញ្ញា នៅសណ្ឋាគារភ្ញៀវជាតិ Xihu ក្រុង Hangzhou (ហាងចូវ) លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលយាងមកក្រុងហាងចូវ ដើម្បីយាងចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ីលើកទី១៩។
លោក Xi Jinping បានថ្លែងថា រីករាយខ្លាំងណាស់ដែលបានជួបនឹងព្រះមហាក្សតម្តងទៀត។ ឆ្នាំ២០២៣នេះជាខួបលើកទី ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតចិននិងកម្ពុជា និងឆ្នាំមិត្តភាពចិនកម្ពុជា។ ឆ្នាំនេះក៏ជាខួប ១០ ឆ្នាំដែលខ្ញុំលើកឡើងនូវគំនិតដែលស្និតស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ និងបរិយាប័ន្នជាមួយប្រទេសជិតខាង។ ខ្ញុំសម្គាល់ថា ទំនាក់ទំនងចិន-កម្ពុជាបានបង្ហាញជាក់លាក់ចំពោះគំនិតនេះនិងគោលការណ៍ការទូតរបស់ចិនដែលគោរពប្រទេសជិតខាងនិងរាប់អានដៃគូដែលជាប្រទេសជិតខាង។ ជឿថា ក្រោមការខិតខំរួមរបស់ភាគីទាំងពីរ ការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជានឹងបន្តស៊ីជម្រៅកាន់តែជាក់ស្តែង។
លោក Xi Jinping បានបន្តថា ភាគីចិនយកចិត្តទុកដាក់ចំពោះចំណងមិត្តភាពពិសេសជាមួយព្រះរាជវង្សានុវង្សកម្ពុជា ហើយយកចិត្តទុកដាក់កម្រិតខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា គាំទ្រភាគីកម្ពុជាដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន នឹងបន្តខិតខំពេញទំហឹង ដើម្បីគាំទ្រកម្ពុជាសម្រេចបាននូវស្ថិរភាពនិងការអភិវឌ្ឍ ក៏ដូចជាគាំទ្រកម្ពុជាដើរតួនាទីកាន់តែសំខាន់ក្នុងឆាកអន្តរជាតិនិងក្នុងតំបន់។
ជាការឆ្លើយតប ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះបន្ទូលថា ខ្ញុំមានកិត្តិយសណាស់ដោយបានដឹកនាំគណៈប្រតិភូមកដល់ទីក្រុងហាងចូវដ៏ស្រស់ស្អាត ដើម្បីចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ីលើកទី ១៩។
ប្រទេសចិន បានរៀបចំការប្រកួតកីឡាអាស៊ីចំនួន២លើកដោយជោគជ័យរួចមកហើយ ខ្ញុំជឿថា ក្រោមការដឹកនាំដ៏រឹងមាំរបស់លោកប្រធាន Xi Jinping ប្រទេសចិនមុខជាអាចផ្តល់ជូនព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យម្តងទៀតចំពោះពិភពលោកជាមិនខាន ក៏នឹងរួមចំណែកដ៏ថ្មីដល់ការជំរុញសាមគ្គីភាពនិងមិត្តភាពនៃមហាក្រុមគ្រួសារទ្វីបអាស៊ី។
ប្រជាជនកម្ពុជាចងចាំជានិច្ចនូវចំណងមិត្តភាពដូចជាបងប្អូនដែលព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានរឹតភ្ជាប់ជាមួយមេដឹកនាំចិន នឹងថែរក្សាមេត្រីភាពដែកដែបដែលបង្កើតឡើងដោយប្រទេសទាំងពីរកម្ពុជាចិន ឯកភាពទាំងស្រុងចំពោះទស្សនៈគំនិតការទូតដ៏ស្និតស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ និងបរិយាបន្នជាមួយប្រទេសជិតខាងដែលលោកប្រធានបានលើកឡើង។កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ មានឆន្ទៈចាប់ដៃជាមួយចិន ដើម្បីរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បង្កើតសហគមន៍រួមវាសនាកម្ពុជាចិន ។ សូមជូនពរមិត្តភាពកម្ពុជាចិនស្ថិតស្ថេរគង់វង្សជាអមតៈ!
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន