ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ដល់ អគ្គលេខាធិការ អង្គការសហប្រជាជាតិ ថា ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស កម្ពុជា បន្តការកសាងសង្គមមួយ ដោយឈរលើការ គោរពច្បាប់ និងគោលការណ៍នីតិរដ្ឋ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។
ការថ្លែងប្រាប់របស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងជំនួប រវាងអគ្គលេខាធិការអង្គការ សហប្រជាជាតិ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្នាក់ការកណ្តាល អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។
ជាមួយនឹងការបញ្ជាក់បែបនេះ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី បានចុះហត្ថលេខា បន្តសុពលភាពអាណត្តិរបស់អ្នកវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស ដែលនេះឆ្លុះបញ្ចាំងអំពីសុច្ឆន្ទៈរបស់កម្ពុជា ក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្សបើទោះបីជានៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ទាំងមូល មិនមានប្រទេសណា អនុញ្ញាតឱ្យមានការិយាល័យ របស់អ្នកវាយតម្លៃស្ថានភាពសិទ្ធិមនុស្សក៏ដោយ។
ក្នុងនោះផងដែរ ក្នុងទិសដៅឈានទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់អនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានភ្ជាប់និងបន្សំ ជាមួយគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា ចង់ទទួលបាននូវការអភិវឌ្ឍមួយ ប្រកបដោយចីរភាព ជាមួយអង្គការសហប្រជាជាតិ និងក្នុងស្មារតីវាយតម្លៃខ្ពស់ ដល់សុខសន្តិភាពពេញលេញ ដែលកម្ពុជា កំពុងទទួលបាន ចំណែកនៃការខិតខំប្រឹងប្រែង និងគាំទ្រ ពីសំណាក់អង្គការសហប្រជាជាតិ ។
ក្នុងនោះអង្គការសហប្រជាជាតិ នឹងបន្តគាំទ្រ និង សហការជាមួយកម្ពុជា ដើម្បីសម្រេចបានជោគជ័យ នៅក្នុងមាគ៌ានៃការរៀបចំគោលដៅ អភិវឌ្ឍន៍ប្រកប ដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ ដល់ប្រជាជនកម្ពុជា៕