ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងថា តើយល់យ៉ាងណានៅពេលអាមេរិកផ្តល់ជំនួយ ១៨លានដុល្លារឱ្យកម្ពុជា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចោទសួរទៅក្រុមប្រឆាំងថា តើយល់យ៉ាងម៉េចដែរនៅពេលអាមេរិក ផ្ដល់ជំនួយជាថវិកា ចំនួន ១៨លានដុល្លារ មកប្រទេសកម្ពុជាវិញ។

ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ នៅអាមេរិក និងកាណាដា ក្នុងទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា នាឱកាសជួបពិភាក្សាការងារជាមួយ លោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក គឺដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-អាមេរិក។

សម្ដេច បន្ដថា មានវិទ្យុបរទេសមួយចំនួន បានផ្សាយថា លោកស្រី អនុរដ្ឋមន្ដ្រី បានហៅ សម្ដេចធិបតី មកសួរចម្លើយ ខណៈសម្ដេច បានដាក់ចេញជាសំនួរថា «ខ្ញុំ មកUN មានអ្នកណាហៅ នាយករដ្ឋមន្ដ្រី មកសួរចម្លើយយ៉ាងម៉េច?»។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «មានអ្នកខ្លះថា ក្រោយការបោះឆ្នោត អាមេរិក ថា បោះឆ្នោតមានបញ្ហា គាត់កាត់ ១៨លានដុល្លារ ជួបម្សិលមិញគាត់ថាចេះ ឥឡូវមិនចាំបាច់កម្ពុជាសុំទេ គឺអាមេរិកឲ្យវិញ នូវជំនួយនេះ។ ឥឡូវសួរថា តើជាសារនយោបាយយ៉ាងម៉េច? អាហ្នឹង អ្នករិះគន់ រៀបរាប់ទៅ កាត់យល់ទៅ អាមេរិក ផ្ដល់ជំនួយត្រឡប់មកវិញ។ នៅពេលដំបូងគេផ្អាក ដោយសារគេថា បោះឆ្នោតនេះ មានបញ្ហាមួយចំនួន ប៉ុន្ដែឥឡូវគេផ្ដល់ត្រឡប់មកវិញ ដើម្បីធ្វើកិច្ចការនេះបន្ដទៀត ដើម្បីពង្រឹងទំនាក់ទំនង»។

សូមរំលឹកថា ក្នុងឱកាសអញ្ជើញចូលរួមប្រជុំទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានទទួលជួបលោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក។ ក្នុងជំនួបនោះដែរ ភាគីទាំងពីរ បានពិភាក្សាផ្ដោតលើការរិះរកវិធី និងមធ្យោបាយ សម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យឈានឡើងមួយកម្រិតទៀត៕

To Top