ព័ត៌មានជាតិ

សម្ដេចធិបតី ៖ អាជ្ញាធរ ប្ដេជ្ញាដោះស្រាយបញ្ហាគ្រឿងញៀនជូនពលរដ្ឋ

ភ្នំពេញ ៖ ថ្លែងចេញពីសហរដ្ឋអាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការប្ដេជ្ញាចិត្តដោះស្រាយបញ្ហាគ្រឿងញៀនជូនប្រជាពលរដ្ឋ ដោយមាន ឧបនាយករដ្ឋមន្ដ្រី ១រូប ធ្វើជាប្រធាន ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចតែងតាំង លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន ជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ , លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាអនុប្រធាន។ ចំណែកលោក ព្រុំ សុខា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានប្រចាំ ហើយអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ដដែលនេះ ក៏មានសមាជិកជាច្រើនរូបទៀតផងដែរ។

ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ នៅអាមេរិក និងកាណាដា ក្នុងទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអាជ្ញាធរ ត្រូវពង្រឹង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលយកចិត្តទុកដាក់ទៅលើការងារ ប្រយុទ្ធប្រឆាំង គ្រឿងញៀន នៅប្រទេសកម្ពុជា។

សម្ដេចធិបតី បានបញ្ជាក់ថា «ខ្ញុំ ទើបកែសម្រួលអាជ្ញាធរគ្រឿងញៀន ដោយប្រគល់តួនាទីឱ្យឧបនាយករដ្ឋមន្ដ្រី មួយរូប ដើម្បីធ្វើការដឹកនាំ ហើយនៅក្នុងយុទ្ធនាការនេះមាន ឧបនាយករដ្ឋមន្ដ្រី បួនរូប ដូចជា ឧបនាយករដ្ឋមន្ដ្រី មួយរូប ដឹកនាំរួម ក្នុងនោះ ឧបនាយករដ្ឋមន្ដ្រី ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌។ ក៏មាន អគ្គបញ្ជាការ អគ្គស្នងការ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដើម្បីផ្ដល់តម្លៃ និងទម្ងន់ ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀននេះ។ ត្រូវការពេលវេលា ស្មុគស្មាញ តែវាជាការប្ដេជ្ញាចិត្តរបស់យើង ដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋនេះ ជាបញ្ហាធំ»។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានឲ្យដឹងថា ចំពោះការងារពាក់ព័ន្ធទៅនឹងប្រព័ន្ធច្បាប់ និងតុលាការ យុទ្ធនាការនេះ ត្រូវបានរៀបចំឡើង ដើម្បីឲ្យ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដឹកនាំ ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់ ដើម្បីធ្វើយ៉ាងណាឲ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជា កាន់តែមានប្រសិទ្ធភាព តម្លាភាព ជូនប្រជាពលរដ្ឋ៕

To Top