ភ្នំពេញ ៖ ក្រោយពីត្រឡប់ មកពីប្រទេសមហាអំណាចអាមេរិកភ្លាម ជាទីកន្លែង ដែលនាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិ (UN) រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានបញ្ជាក់បន្ថែម ពីលើខ្លឹមសារ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថា បញ្ហាសមុទ្ររាម ដែលជាចំណុចសំខាន់ សម្រាប់មនុស្សមួយចំនួន យកធ្វើជាប្រធានបទ វាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ជាច្រើនឆ្នាំមកនោះ គួរតែបញ្ចប់ហើយ ។
មូលហេតុដែលលោក ហ្សង់ ហ្វ្រង់ស័រតាន់ថា គួរបញ្ចប់ដោយសារជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងនៅក្នុងសន្និបាតអង្គការ សហប្រជាជាតិ (UN)លើកទី៧៨ ថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធា បរទេស នៅលើទឹកដីខ្លួននោះទេ ។
លោកថា ការថ្លែងជាលើកដំបូងនេះ សបញ្ជាក់នៅមុខថ្នាក់ដឹកនាំប្រទេសនានា ដែលចូលរួមក្នុងសន្និបាតUN ធ្វើជាសាក្សី ។ នេះប្រសាសន៍របស់លោក ហ្សង់ ហ្វ្រង់ស័រតាន់ នៅព្រលានយន្តហោះអន្តរជាតិ នាព្រឹកថ្ងៃ២៥ កញ្ញា ក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ មកពីចូលរួមសន្និបាតUN ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីរូបនេះ បញ្ជាក់ទៀតថា “កម្ពុជាមិនអនុញ្ញាឲ្យមានមូលដ្ឋាន យោធា នៅលើទឹកដីកម្ពុជាទេ តាមការចែងច្បាស់ នៅក្នុងរដ្ឋធម្មនុញ្ញ ។ រឿងរ៉ាវជុំវិញមូលដ្ឋានរាម អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ពេលនេះគួរតែបញ្ចប់…ត្រូវតែចប់ ពីព្រោះនេះ គឺជាលើកទី១ បង្អស់នៅលើវេទិកា មហាសន្និបាតអង្គការ សហប្រជាជាតិ ដែលកម្ពុជា តាមរយៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសយ៉ាងចំហរ ទៅកាន់ពិភពលោក ដោយយកពិភពលោក ជាសាក្សីមិនអាចមានកើតទៅរួចទេ មូលដ្ឋានយោធាបរទេសនៅក្នុងប្រទេសកម្ពុជា”។
លោកបន្តថា ប្រសិនបើប៉ុន្មានឆ្នាំខាងមុខ កម្ពុជាអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជា គឺកម្ពុជាបាត់បង់អធិបតេយ្យភាពហើយ ហើយអ្វីដែលសម្តេច ហ៊ុន ម៉ាណែត និយាយនៅមុខមេដឹកនាំមកពីជុំវិញពិភពលោក ក៏គ្មានន័យ និងរលាយសាបសូន្យ។
លោកក៏បានផ្តាំទៅអ្នកមាននិន្នាការប្រឆាំង គួរបញ្ឈប់ការនិយាយ ឬចោទប្រកាន់ថា កម្ពុជាមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជា ត្បិតកម្ពុជា បានប្រកាសប្រាប់ពិភពលោករួចហើយ ខណៈតំបន់រាមហាក់បីដូចជាជំងឺរ៉ាំរ៉ៃ របស់ក្រុមមនុស្សមួយចំនួនកើតទុក្ខមិនសុខចិត្ត អស់រយៈពេលជាច្រើនឆ្នាំមកហើយ តាំងពីជំនាន់សម្តេចតេជោហ៊ុន សែន ជាអតីតនាយករដ្ឋមន្រ្តី តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ។
សូមបញ្ជាក់ថា កន្លងមកអាមេរិកជាហូរហែរនៅតែបន្តចោទប្រកាន់ថា កម្ពុជាបានអនុញ្ញាតឲ្យចិន ដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេស នៅតំបន់រាម ទោះបីជាកម្ពុជាបានបំភ្លឺម្តងហើយម្តងទៀតថា ខ្លួនមិនអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសនោះឡើយ ។ ប៉ុន្មានឆ្នាំមុន ដើម្បីឲ្យអស់ការសង្ស័យសម្តេចតេជោក៏បានអនុញ្ញាតឲ្យមន្ត្រីអនុព័ន្ធយោធាអាមេរិក ចុះទៅទស្សនកិច្ច និងសិក្សា នៅតំបន់សមុទ្រផងដែរ ៕