ព័ត៌មានជាតិ

អ្នកនាំពាក្យនាយករដ្ឋមន្ដ្រី សោកស្តាយការចោទប្រកាន់ថា បានប្រើលុយដាក់ពាណិជ្ជកម្ម សម្តេចធិបតីហ៊ុន ម៉ាណែត នៅញូវយ៉ក

ភ្នំពេញ ៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ដ្រី បានបង្ហាញការសោកស្ដាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់ថា រាជរដ្ឋាភិបាលបានប្រើលុយដាក់ផ្សាយពាណិជ្ជកម្មរូប សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។

យោងតាមសេចក្ដីបំភ្លឺ ព័ត៌មានរបស់ខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា នៅក្នុងអំឡុងពេលសម្ដេច ហ៊ុន ម៉ាណែត ចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា មានការចោទប្រកាន់ពីក្រុមដែលមាននិន្នាការនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាល អំពីការផ្សព្វផ្សាយតាមបដាគាំទ្រ សម្ដេចធិបតី នៅតំបន់ Time Square ថា «ជាការរៀបចំ និងការចំណាយថវិកាខ្ជះខ្ជាយ របស់រាជរដ្ឋាភិបាលកម្ពុជា»។

ក្រុមអ្នកនាំពាក្យ របស់នាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា «មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានអំណះអំណាង ច្បាស់លាស់ ដែលផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងបំភាន់សាធារណមតិជាតិ និងអន្តរជាតិ»។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគាំទ្រ សម្ដេចធិបតី តាមរយៈបដាខាងលើ ក្រុមអ្នកនាំពាក្យ របស់នាយករដ្ឋមន្ត្រី បានធ្វើការបញ្ជាក់ថា ការរៀបចំបដាផ្សព្វផ្សាយនេះ ពុំមែនជាការចាត់តាំង្យរៀបចំ ដោយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏មិនបានចំណាយ ថវិការបស់រាជរដ្ឋាភិបាលនោះដែរ។

ប្រភពអះអាងថា ការរៀបចំបដាផ្សព្វផ្សាយនេះ គឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្តស្រលាញ់ និងការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា ចំពោះសម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីកម្ពុជា ក្នុងដំណើរអញ្ជើញចូលរួមជាលើកទី១ ក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៨ប៉ុណ្ណោះ ។

បើតាមមតិក្រុមប្រឆាំងផ្សាយ ក្នុងបណ្តាញសង្គមការផ្សាយពាណិជ្ជកម្មនេះ គឺគិតថវិកាទៅតាមពេលវេលា និងទំហំនៃស្លាកផងដែរ ដោយបើចំណាយច្រើនថ្ងៃ អាចទៅដល់ខ្ទង់ម៉ឺនឬជិតដល់លានដុល្លារផងដែរ៕

To Top