ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់វិនិយោគិនអាមេរិកថា កម្ពុជាមានកម្លាំងពលកម្មវ័យក្មេង ថ្លៃឈ្នួលទាប និងជំនាញសមស្រប ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យ រាជរដ្ឋភិបាល ស្តីពីបេសកកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃ២៥ កញ្ញា បានឲ្យដឹងថា ដើម្បីពង្រីកសក្តានុពល ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបើក វេទិកាធុរកិច្ច កម្ពុជា-អាមេរិក ។
ក្នុងវេទិកានោះ សម្ដេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា “វិនិយោគិនអាមេរិក នឹងទទួល បានប្រយោជន៍ ពីទីតាំងយុទ្ធសាស្ត្រ និងកម្លាំងពលកម្មវ័យក្មេង ដែលមានថ្លៃឈ្នួលទាប ព្រមទាំងមានជំនាញសមស្រប សម្រាប់វិស័យកម្មន្តសាល ខណៈកម្ពុជា ក៏ទទួលបានអត្ថប្រយោជន៍ ពីការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក”។
សម្ដេចធិបតី បានលើកឡើង អំពីការបង្កើនសន្ទុះកែទម្រង់ស្ថាប័នគន្លឹះ និងការដាក់ចេញវិធានការ ដោះស្រាយ បញ្ហាប្រឈម ក្នុងបរិយាកាសធុរកិច្ច និងការវិនិយោគ ជាមួយនឹងការបន្តកិច្ចសន្ទនា រវាងរាជរដ្ឋាភិបាល និងវិស័យ ឯកជនជាទៀងទាត់។
សម្ដេចធិបតី បានបង្ហាញក្តីជឿជាក់ថា តាមរយៈវេទិកាធុរកិច្ចនេះ វិនិយោគិនអាមេរិក នឹង កាន់តែមានលំនឹងចិត្ត ព្រមទាំងភាពកក់ក្ដៅ ក្នុងការមកសិក្សាស្វែងយល់ ពីឱកាសវិនិយោគនៅកម្ពុជា៕