ព័ត៌មានជាតិ

កុមារ៉ា ៦ឆ្នាំម្នាក់ ត្រូវមន្ទីរពេទ្យគន្ធបុប្ផាប្រើពេល ២១ថ្ងៃ ដណ្ដើមជីវិតពីមច្ចុរាជ បន្ទាប់ពីពស់ស្រកាចាស់ចឹក

ភ្នំពេញ ៖ កុមារ៉ាអាយុ៦ឆ្នាំម្នាក់ ត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា ប្រើរយៈពេល២១ថ្ងៃ ដើម្បីជួយសង្គ្រោះអាយុជីវិត បន្ទាប់ពីត្រូវពស់ស្រកាចាស់ មានពិសចម្រុះគ្នា ចឹកធ្វើឲ្យរលួយសាច់ដៃ ។

តាមរយៈហ្វេសប៊ុកអាខោន Dr. Beat Richner នាថ្ងៃទី២៦ កញ្ញា បានឲ្យដឹងថា ក្មេងប្រុសអាយុ៦ឆ្នាំនេះ ត្រូវបានពស់ស្រកាចាស់ចឹក និងត្រូវបានបញ្ជូន មកពីមន្ទីរពេទ្យខេត្តកំពត ២ថ្ងៃបន្ទាប់មក ពិសពស់បានជ្រាបចូលក្នុងឈាម ធ្វើឲ្យរលួយដៃ និងខ្សោយដង្ហើម ហើយចុងក្រោយបណ្តាលឲ្យ ពុលខ្សោយតម្រងនោម ស្រួចស្រាវយ៉ាងធ្ងន់ធ្ងរបំផុត ។

កុមារ៉ាម្នាក់នេះ ត្រូវបានជួយសង្រ្គោះជីវិត ដោយចាក់ថ្នាំបន្សាបចម្រុះពិស លាងឈាមតាមស្រោមពោះសង្រ្គោះតម្រងនោម និងសង្រ្គោះដង្ហើមដោយម៉ាស៊ីន សប់ដង្ហើម អស់រយៈពេល២១ថ្ងៃ ។

ថ្ងៃនេះកុមារ៉ាក៏បានរួចជីវិត និងត្រូវបន្តព្យាបាលបណ្តុះស្បែកឡើងវិញ ហើយរាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ៕

To Top