ភ្នំពេញ ៖ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក់ថា ទំនិញកសិផលរបស់កម្ពុជា នាំចេញទៅកាន់ទីផ្សារជប៉ុន មានចំនួនតិចតួច ដោយសារត្រូវការចំណាយច្រើន ក្នុងការដឹកជញ្ជូនទៅ ប៉ុន្តែជប៉ុន បង្ហាញជំហរចង់ ឲ្យមានការនាំចេញទៅជប៉ុន ឲ្យកាន់តែច្រើន។
ក្នុងកិច្ចពិភាក្សាតុមូល ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈអ្នកបកប្រែក លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា នៅពេលបច្ចុប្បន្ន នេះ មិនទាន់មានការរឹតបន្តឹងការនាំចូល ផលិតកសិកម្មកម្ពុជាទៅជប៉ុននោះទេ។ ច្បាស់ហើយការនាំចូលទៅជប៉ុន គឺផ្អែកលើអត្រាកំណត់ពន្ធឬមុខទំនិញ ឬដូចអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀងភាពជាដៃគូ គ្រប់ជ្រុងជ្រោយ។
លោក ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា សម្រាប់ផលិតផលកសិកម្មកម្ពុជាក៏មិនខុសពី ផលិតផលកសិកម្មរបស់បណ្តាប្រទេសអាស៊ានផងដែរ ក្នុងការនាំចូលទៅប្រទេសជប៉ុន។ ប៉ុន្តែបញ្ហាដែលចោទគឺបញ្ហាដឹកជញ្ជូន ឬនិមិត្តសញ្ញាស្លាក ពាណិជ្ជ នាមរបស់កម្ពុជា។
លោក ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា «នៅពេលខ្ញុំមកដល់កម្ពុជាដំបូង គឺខ្ញុំញាំស្វាយរបស់កម្ពុជា គឺឆ្ញាញ់ហើយថោកទៀត បើធៀបនឹងតម្លៃនៅជប៉ុន ប៉ុន្តែបើយើង ចង់នាំស្វាយនេះទៅជប៉ុនវិញ គឺថ្លៃដឹកជញ្ជូនចំណាយច្រើនទម្រាំដល់ជប៉ុន ។ ចំពោះការដឹកជញ្ជូនកសិផលកម្ពុជាទៅជប៉ុនតាមផ្លូវទឹក គឺមានភាពពិបាកព្រោះថា កំពង់ផែននៅកម្ពុជា មានទឹករាក់ដោយមិនអាចចេញចូលកប៉ាល់ធំៗ បាននោះទេ ដូច្នេះត្រូវចំណាយពេលច្រើន និងចំណាយលុយច្រើន ទំរាំនាំចេញទៅដល់ប្រ ទេសជប៉ុន»។
លោក ឯកអគ្គរាជទូតជប៉ុន បានលើកឡេីងពីបញ្ហាផ្លាកនិមិត្តសញ្ញា ឬពាណិជ្ជនាមកសិកម្មកម្ពុជា ជប៉ុនមិនទាន់ស្គាល់អស់នោះទេ គឺស្គាល់តែម្រេចតែប៉ុណ្ណោះ ដូច្នេះត្រូវតែគិត គូពីករណីនេះផងដែរ ។ លោកទូតគូសបញ្ជាក់ថា «ដូច្នេះខ្ញុំគិតថា កម្ពុជាត្រូវតែគិតពីការបង្កើត ឈ្មោះប្រែនមួយរបស់ខ្លួនទាំងបច្ចេកទេសកែច្នៃ ការដឹកជញ្ជូន ការចែកចាយ ជាដើម»៕