ភ្នំពេញ ៖ ជាគោលការណ៍ អាជ្ញាធរជាតិអប្សរា មិនមានការហាមឃាត់ទេ ចំពោះការថតរូបភាព ឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ឲ្យពិភពលោកបានស្គាល់ពីភាពទាក់ទាញ និងសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា។
តាមសេចក្តីជូនដំណឹង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ជាក់ស្ដែង ការថតរូបភាព និងវីដេអូ ត្រូវបានភ្ញៀវទេសចរជាតិ-អន្តរជាតិ បង្ហោះផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានាដូចជាហ្វេសប៊ុក TikTok និងបណ្ដាញសង្គមជាច្រើនផ្សេងទៀតរួចមកហើយ។
ប៉ុន្តែដោយឡែក ក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចធ្វើឲ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណ មរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ត្រូវដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា ចំពោះគោលបំណងមួយចំនួននៃការថតរូប ឬវិដេអូ។
អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា រាល់ការស្នើសុំថតរូប ឬវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើតអាជីវកម្មនានា ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទំនាក់ទំនងមកមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា ហើយអាជ្ញាធរជាតិអប្សរា នឹងឆ្លើយតបទៅម្ចាស់សំណើវិញ ក្នុងរយៈពេល៥ថ្ងៃ៕