ភ្នំពេញ៖ ក្នុងកិច្ចប្រជុំជាន់ខ្ពស់ពេញអង្គ ដើម្បីប្រារព្ធនិងលើកកម្ពស់ទិវាអន្តរជាតិ សម្រាប់ការលុបបំបាត់ទាំងស្រុង នូវអាវុធនុយក្លេអ៊ែរ នាបូរីញូវយ៉ក នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងដោយទទូចថា ប្រទេសទាំងអស់ត្រូវខិតខំបន្ថែមទ្វេដង សំដៅសម្រេចគោលបំណងរួម គឺពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ ។
ក្នុងសុន្ទរកថាលោក អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់ ចំពោះគ្រប់ប្រជាជាតិទាំងអស់ រួមទាំងក្រុមប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយអត្ថន័យ និងបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដ ចំពោះការលុបបំបាត់សព្វាវុធ ការមិនរីកសាយភាពសញ្វវុធ និង «សន្និសញ្ញាស្តីពី ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ប្រទេសទាំងអស់ត្រូវខិតខំបន្ថែមទ្វេដង សំដៅសម្រេចគោលបំណងរួម គឺ ពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ» ។
ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជារួមជាមួយនឹងសមាជិកអាស៊ានទាំងអស់ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្ត “សន្និសញ្ញាស្តីពី អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ” និងផែនការសកម្មភាពរបស់សន្និសញ្ញានេះ។ ដោយទទួលស្គាល់ពីសារៈសំខាន់ នៃវិធីសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសម្រេចបាន នូវការលុបបំបាត់សញ្វវុធ និងការមិនរីកសាយភាពសញ្វវុធ កម្ពុជាលើកទឹកចិត្តជាខ្លាំងចំពោះ ក្រុមប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដោយធ្វើការចុះហត្ថលេខាលើ “ពិធីសារនៃសន្និសញ្ញាស្តីពី អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ”។
លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះឯកសារគោលនយោបាយរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពី “របៀបវារៈថ្មីសម្រាប់សន្តិភាព” ដែលបានចេញផ្សាយ កាលពីខែកក្កដា ឆ្នាំ២០២៣។ ឯកសារនេះត្រួសត្រាយផ្លូវសម្រាប់សហគមន៍អន្តរជាតិ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងពហុភាគី ក្នុងកិច្ចការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ៕