ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចប្រធានរដ្ឋសភាកម្ពុជា លោកឯកអគ្គរាជទូតអង់គ្លេស បានសន្យាថា អង់គ្លេសនឹងជួយដល់កម្ពុជា លើវិស័យពាណិជ្ជកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស សង្គមកិច្ច បរិស្ថាន ជាពិសេសជួយបោសសម្អាតមីនរហូតដល់ឆ្នាំ២០២៥។
ការសន្យានេះ ក្នុងឱកាសសម្តេចឃួន សុដារី ប្រធានរដ្ឋសភា អនុញ្ញាតឲ្យលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃ២៧ កញ្ញា ។
សម្តេច ឃួន សុដារី គូសបញ្ជាក់ថា «ការចូលរួមចំណែករបស់ភាគីអង់គ្លេស ជាផ្នែកសំខាន់នៅក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា ជាពិសេស ការធ្វើឲ្យសម្រេចបាននូវផែនការអភិវឌ្ឍរបស់កម្ពុជា ដែលនឹងក្លាយជាប្រទេស មានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០”។
ជាមួយគ្នានេះ សម្តេចរដ្ឋសភាស្វាគមន៍ការបើកសាកលវិទ្យាល័យរបស់អង់គ្លេសនៅភ្នំពេញ ដែលជាផ្នែកសំខាន់ក្នុងការរួមចំណែកកសាងធនធាន មនុស្សនៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា «មានយុវជនកម្ពុជាជាច្រើនមានក្តីប្រាថ្នាចង់ទៅសិក្សា នៅប្រទេសអង់គ្លេស ប៉ុន្តែនៅពេលនេះអង់គ្លេសបានបើកសាកលវិទ្យាល័យនៅកម្ពុជា ដូចនេះ ពួកគេនឹងសម្រេចបាននូវក្តីប្រាថ្នារបស់ខ្លួន»។
ចំណែក លោក Dominic Williams អបអរសាទរចំពោះសម្តេច ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជាប្រធានរដ្ឋសភា ជាស្រ្តីដំបូងនៅកម្ពុជា ទទួលតំណែងដ៏សំខាន់នេះ។ លោកទូតបញ្ជាក់ថា «សម្តេចរដ្ឋសភាធិបតី ជាគំរូសម្រាប់កុមារី និងស្រ្តីទី១នៅកម្ពុជា»៕




