ភ្នំពេញ ៖ នៅចំពោះមុខមន្រ្តីរាជការក្រោមឱវាទ ក្នុងជំនួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋាន តំបន់ការពារធម្មជាតិ នៅថ្ងៃទី២៦ កញ្ញា លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឱ្យមន្ត្រីអនុវត្តច្បាប់ ដោយគ្មានការលើកលែង និងបញ្ចប់វប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើស ពាក់ព័ន្ធធនធានធម្មជាតិ ។
ជាមួយគ្នានោះលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រប់ករណីប្រព្រឹត្តបទល្មើសទាំងឡាយ ឱ្យតែចាប់បានគឺមិនអនុញ្ញាតឱ្យធ្វើកិច្ចសន្យាហើយ ដោះលែងនោះទេ គឺត្រូវតែកសាងសំណុំរឿង និង ដាក់បន្តទៅតុលាការជាដាច់ខាត ហើយប្រសិនជាករណីទាំងនោះ មានពាក់ព័ន្ធនឹងកត្តានយោបាយ សូមផ្តល់ព័ត៌មាន និងសិទ្ធិឱ្យលោកជាអ្នកសម្រេច ។
ការថ្លែងបញ្ជាក់ឱ្យដឹងពីការអនុវត្តភារកិច្ច កាតព្វកិច្ចរបស់មន្រ្តីក្រោមឱវាទ ឱ្យបានត្រឹមត្រូវហ្មត់ចត់ គឺដើម្បីលើកស្ទួយប្រសិទ្ធភាពការងារ ប្រកបដោយប្រសិទ្ធផល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១នេះ ដែលក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តរួចទៅហើយ លើអាទិភាពចំនួន៣ រួមមាន៖ទី១.កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លើប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” ,ទី២. ការផ្តល់ ជូនកូនឈើចំនួនជាង ១លានដើម រៀងរាល់ឆ្នាំសម្រាប់ចែក ជូនប្រជាពលរដ្ឋ ដែលមានតម្រូវការដាំដើមឈើ ដោយឥតគិតថ្លៃ និង
ទី៣. អេកូទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិព្រៃសហគមន៍ ធ្វើយ៉ាងណារក្សាឱ្យបានគម្របព្រៃឈើ មានអព្យាក្រឹតកាបូន និងលើកស្ទួយជីវភាពប្រជាពលរដ្ឋដោយចីរភាព (យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា ) ។
គួរជម្រាបជូនថា អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មាននាយកដ្ឋានចំណុះចំនួន៧ គ្រប់គ្រងលើតំបន់ការពារធម្មជាតិ ចំនួន៧៣តំបន់ មានផ្ទៃដីប្រមាណ ៧,២លានហិកតា ដែលចាំបាច់ត្រូវមានការរួបរួមពីមន្រ្តីគ្រប់ជាន់ថ្នាក់ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមផងដែរ ក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ ដើម្បីសម្រេចឱ្យបានផែនការ យុទ្ធសាស្រ្តរួមរបស់កម្ពុជា ៕