ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំដល់ប្រធានគណៈកម្មការផ្សាររដ្ឋ ទាំង២៥ នៅរាជធានីភ្នំពេញ យកចិត្តទុកដាក់លើ ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងបរិស្ថានៅជុំវិញ និងក្នុងផ្សារ និងផ្តាំឲ្យគណៈកម្មការផ្សារ ត្រូវមានភាពស្និទស្នាល រាក់ទាក់ជាមួយបងប្អូនអាជីវករ ក្នុងនិងក្រៅប្រព័ន្ធ ។
ការណែនាំបែបនេះរបស់ លោកឃួង ស្រេង បានធ្វើឡើង ក្នុងកិច្ចប្រជុំ ពង្រឹងការងារគ្រប់គ្រងផ្សារ ក្នុងរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានលើកឡើងថា ការបង្កើតឲ្យមានកិច្ចប្រជុំនេះឡើង ក្នុងគោលបំណង ជំរុញឲ្យមានការគ្រប់គ្រងផ្សាររដ្ឋទាំង២៥ បានកាន់តែមានភាព ល្អប្រសើរឡើង ទាំងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់និងបរិស្ថានជុំវិញ និងនៅក្នុងផ្សារ សំដៅធ្វើយ៉ាងណា ទទួលបានការគោរពនិងស្រលាញ់ ពីប្រជាពលរដ្ឋនិងអាជីវករ។
លោកបន្តថា ប្រធានគណៈកម្មការផ្សារ ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយ នៅក្នុងផ្សារដែលខ្លួនគ្រប់គ្រងទាំងជីវភាពរស់នៅ របស់បងប្អូនអាជីវករ ជាមួយនឹងការធ្វើស្ថិតិឲ្យបានច្បាស់លាស់ ចំពោះអាជីវករ ដែលមានជីវភាពក្រីក្រ និងមធ្យម ដើម្បីងាយស្រួលថែទាំពួកគាត់ ។ បន្ថែមពីនេះត្រូវណែនាំបងប្អូន ប្រជាពលរដ្ឋនិងអាជីវករ ថែរក្សាអនាម័យ បរិស្ថាននៅក្នុងផ្សារ ជាប្រចាំ។
លោក ឃួង ស្រង ក៏បានជំរុញពិនិត្យ ឲ្យហ្មត់ចត់ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី ជាមួយនិងការរកទីតាំងបានលក់ដូរ និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារ ទៅតាមកំណត់របស់រាជរដ្ឋាភិបាល។ ការងារនេះ ទាំងអាជ្ញាធរ ទាំងគណៈកម្មការផ្សារ ត្រូវពិនិត្យឲ្យបានហ្មត់ចត់។ ក្នុងនាមជាអាណាព្យាបាល ប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌទាំង១៤ និងគណៈកម្មការផ្សាររដ្ឋទាំង២៥ ត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ និងអាជីវករគោរពស្រលាញ់យូរអង្វែង៕