ព័ត៌មានជាតិ

អាមេរិក ស្នើកម្ពុជា រក្សាគោលនយោបាយការបរទេស ដែលមានឯករាជ្យ និងតុល្យភាព

រូបភាព៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា

ភ្នំពេញ៖ នៅក្នុងជំនួបជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ផាក ទ្រីកម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានស្នើឲ្យថ្នាក់ដឹកនាំកម្ពុជា រក្សាគោលនយោបាយការបរទេស ដែលមានឯករាជ្យ និងតុល្យភាព ។

តាមរយៈហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា លោកឯកអគ្គរដ្ឋទូត Murphy បានមើលឃើញពីជំនួបប្រកប ដោយលទ្ធផលល្អ របស់នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយមន្ត្រីនិងក្រុមហ៊ុនអាមេរិក នៅក្នុងសប្តាហ៍ថ្នាក់ខ្ពស់ នៃមហាសន្និបាត របស់អង្គការសហប្រជាជាតិ ក្នុងពេលថ្មីៗ នេះ នៅបូរីញូវយ៉ក ហើយបានកត់សម្គាល់ឃើញ ភាពជាដៃគូជាបន្តរបស់កម្ពុជា លើបញ្ហាសំខាន់ៗ ក្នុងតំបន់ និងក្នុងពិភពលោកដែលរួមមាន ៖ ការអនុវត្តទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ លើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ , ការការពារបូរណភាពទឹកដី នៃប្រទេសអ៊ុយក្រែន និងដំណោះស្រាយ ស្តីពីវិបត្តិនៅប្រទេសភូមា។

នៅក្នុងជំនួបនោះ លោក Murphy បានថ្លែងសង្កត់ធ្ងន់ លើការប្តេជ្ញាចិត្តយូរអង្វែ របស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា និងការរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា ដែលគេអាចមើលឃើញ តាមរយៈជំនួយបរទេសចំនួន ៣ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិក បានផ្តល់ឲ្យកម្ពុជា ក្នុងរយៈពេលជាង៣០ កន្លងមកនេះ។

ទោះបីលោកបានកត់សម្គាល់ឃើញថា ការសម្រេចចិត្តក្នុងការបន្តឡើងវិញ នូវកម្មវិធីជំនួយបរទេសមួយចំនួន របស់សហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃជំនួយជារួមដែលមាន សារៈសំខាន់សម្រាប់សុខភាព របស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃកម្ពុជាក្តី តែលោកឯកអគ្គរដ្ឋទូត បានថ្លែងសង្កត់ធ្ងន់ លើសារៈសំខាន់នៃសិទ្ធិមនុស្ស និងការការពារសេរីភាពជាមូលដ្ឋាន ដែលចាំបាច់ត្រូវតែមាន នៅក្នុងទំនាក់ទំនងទ្វេភាគីផងដែរ។

ភាគីទាំងពីរ បានពិភាក្សាគ្នាអំពីការ គាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងការបំផ្លាញចោលអាវុធ ដូចជាការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា ហើយលោកឯកអគ្គរដ្ឋទូត បានសម្តែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើបេសកកម្មរុករកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនអាមេរិកនៅកម្ពុជា។

លោក Murphy បានសុំឲ្យថ្នាក់ដឹកនាំកម្ពុជា រក្សាគោលនយោបាយការបរទេស ដែលមានឯករាជ្យ និងតុល្យភាព ដើម្បីជាឧត្តម្ភប្រយោជន៍ នៃប្រជាជនកម្ពុជា និងដើម្បីបន្តសកម្មភាពធំៗ ប្រឆាំងនឹងការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអ៊ិនធើណេត ដោយបានកត់សម្គាល់ឃើញ ពីសារៈសំខាន់នៃជំហរស្មោះត្រង់ជាសាធារណៈ របស់នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង បទល្មើសជាសាកលនេះ៕

To Top