ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃឈ្នួលដើម្បី រួមចំណែកជួយដល់កម្មករនិយោជិត

ភ្នំពេញ៖ ស្របពេលដែលប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ត្រូវបានដំឡើងដល់២០៤ដុល្លារអាមេរិក ក្នុង ១ខែ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួល​ដដែលកុំដំឡើងថ្លៃដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផងនិង ជួយដល់បងប្អូនកម្មករនិយោជិតផង ។

តាមរយៈឆាណែលតេឡេក្រាមនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ខ្ញុំសូមអបអរសាទរ ជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តទៀតថា “ទន្ទឹមនឹងការអបអរសាទរដល់បងប្អូនកម្មករនិយោជិត ខ្ញុំសូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សា នូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ ស្តីពីភិតិសន្យាពិសេស ដែលនៅជាធរមានផង”។

ក្នុងនោះដែរសម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតដល់គ្រប់បន្ទប់ជួល ដើម្បីជួយដល់ម្ចាស់ផ្ទះជួល និងជួយដល់បងប្អូនកម្មករនិយោជិត​ ដែលជាអ្នកជួលបន្ទប់៕

To Top