ភ្នំពេញ ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ដ្រីថៃ គាំទ្រចំពោះសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្នើឲ្យមានការបង្កើនជើងហោះហើរ ដោយផ្តោតលើទីក្រុងធំៗលំដាប់ទី២ ។
ការបង្ហាញនូវការគាំទ្រ របស់នាយករដ្ឋមន្ត្រីថៃ លើសំណើរបស់កម្ពុជា ធ្វើឡើងក្នុងជំនួបទ្វេភាគី រវាងនាយករដ្ឋមន្ត្រីទាំងពីរ កម្ពុជា-ថៃ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រីថៃ មកកាន់កម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី២៨ កញ្ញា ។
ប្រភពបានឲ្យដឹងទៀតថា ចំពោះវិស័យទេសចរណ៍ នាយករដ្ឋមន្ត្រីទាំងពីរ បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាពនូវផែនការសកម្មភាពរួម ស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០២៣-២០២៥ និងជំរុញបន្ថែមទៀត នូវលំហូរភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ និងមកពីប្រទេសទីបី ស្របតាមពាក្យស្លោក ព្រះរាជាណាចក្រពីរ គោលដៅតែមួយ ៕