ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យបញ្ចុះអត្រា អាករនាំចេញ លើមុខទំនិញថ្មធម្មជាតិ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល កម្ពុជា នៅថ្ងៃ២៩ កញ្ញានេះបានចុះហត្ថលេខា លើអនុក្រឹត្យអនុញ្ញាត ឲ្យបញ្ចុះអត្រាអាករនាំចេញ លើមុខទំនិញថ្មធម្មជាតិ សម្រាប់នាំចេញមួយចំនួន ក្នុងគោលដៅជួយ សម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែង នៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ ។

ការចេញអនុក្រឹត្យ របស់សម្តេចនេះ ដោយសារមានសំណើរបស់ស្រ្តីម្នាក់ ដែលជាតំណាងក្រុមហ៊ុន ធ្វើអាជីវកម្មថ្មធម្មជាតិ នៅកម្ពុជា ក្នុងពេលជួបសម្តេច ហ៊ុន ម៉ាណែត ក្នុងពិពណ៌អាស៊ាន-ចិនលើកទី២០ កាលពីថ្ងៃ១៧ កញ្ញា នៅទីក្រុងណាននីង ប្រទេសចិន។

យោងតាមឆានែលតេឡេក្រាម នាថ្ងៃទី២៩ កញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ក្នុងពេលដែលរូបខ្ញុំនិងគណៈប្រតិភូ ចុះពិនិត្យតាមស្តង់ពិពណ៌លក់ផលិតផលរបស់កម្ពុជា នៅទីក្រុងណាននីង ប្រទេសចិន ក្នុងឱកាសចូលរួមពិពណ៌អាស៊ាន-ចិនលើកទី២០ កាលពីថ្ងៃទី១៧ កញ្ញា កន្លងទៅថ្មីៗនេះ ខ្ញុំបានជួបជាមួយប្អូនស្រីម្នាក់ ដែលជាតំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិ នៅកម្ពុជា ដែលពេលនោះប្អូនស្រី បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាព ផ្តល់ការជួយបន្ថែមដល់ការធ្វើអាជីវកម្មថ្មធម្មជាតិ នៅកម្ពុជា”។

សម្តេចនាយករដ្ឋមន្ត្រីបន្តថា ជាការឆ្លើយតបទៅ នឹងសំណូមពរនោះ ក៏ដូចជាសំណូមពរស្រដៀងគ្នា ពីពលរដ្ឋផ្សេងទៀត នៅកម្ពុជា ដែលសម្តេចបានទទួល ក៏បានប្រគល់ភារកិច្ចឲ្យលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីសម្រប សម្រួលកិច្ចប្រជុំ រវាងស្ថាប័នពាក់ព័ន្ធ ដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងរ៉ែនិងថាមពល ជាមួយនិងសមាគមថ្មក្រានីតកម្ពុជា និងក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារ ដើម្បីស្តាប់នូវកង្វល់ និងសំណូមពរផ្សេងៗ និងដើម្បីដាក់ចេញនូវដំណោះស្រាយសមស្រប និងទាន់ពេលវេលា ក្នុងគោលបំណងជំរុញ ការធ្វើអាជីវកម្មថ្មធម្មជាតិ និងការនាំចេញថ្មធម្មជាតិ ឲ្យបានកាន់តែប្រសើរឡើង ។

ក្នុងសម្តេចធិបតីបញ្ជាក់ថា “ជាលទ្ធផល កិច្ចប្រជុំបានរៀបចំជាសំណើរ ដើម្បីសុំគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល ដែលថ្ងៃនេះ ខ្ញុំបានចុះហត្ថលេខា លើអនុក្រឹត្យអនុញ្ញាតឲ្យបញ្ចុះអត្រានាំចេញ លើមុខទំនិញនាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាល បន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែង នៃផលិតផលថ្មធម្មជាតិ របស់ខ្មែរ នៅលើទីផ្សារអន្តរជាតិ”

To Top