ភ្នំពេញ ៖ ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គរបស់កម្ពុជា បានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក ។ នេះបើយោងតាមហ្វេសប៊ុក Wonders of the Mekong នៅថ្ងៃទី២៨ កញ្ញា ។

ហ្វេសប៊ុកបន្តថា ចាប់តាំងពីធ្វើការដោះលែងវាមក បានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទួលសញ្ញា acoustic ហើយវានឹងជួយការពារ ប្រភេទសត្វជិតផុតពូជនេះ ។

សូមរំលឹកថា កាលពីពាក់កណ្ដាលឆ្នាំ២០២២ កន្លងទៅ អ្នកនេសាទនៅភាគខាងជើង នៃប្រទេសកម្ពុជា ធ្វើការជាមួយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានរកឃើញ ត្រីបបែលយក្សទឹកសាបទម្ងន់ ៣០០គីឡូក្រាម នៅជិតកោះដាច់ស្រយាលមួយ ក្នុងទន្លេមេគង្គ ហើយក៏ត្រូវបានលែងចូលទន្លេវិញ ៕
