ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូ និងមន្ត្រីបច្ចេកទេស ត្រួតពិនិត្យតាមដាន ស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្រ្ដវ៉ៃកូ ខេត្តព្រៃវែង ។
យោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធស្រោចស្រពនេះ យកប្រភពទឹកពីទន្លេមេគង្គ មានផ្ទៃរងទឹកមាន ៧៩៥ ០០០ម៉ែត្រការ៉េ លំហូរប្រចាំឆ្នាំជាមធ្យម ១៤ ៥០០ម៉ែត្រគួប ក្នុងមួយវិនាទី ។
ស្ថានីយ៍ជំហានទី១ នេះមានតួនាទីនាំប្រភពទឹក ពីទន្លេមេគង្គ ភ្ជាប់ដោយផ្នែកខាងលើនៃទន្លេតូច និងព្រែកជីកថ្មី ធ្វើជាប្រភពទឹកស្រោចស្រព លើផ្ទៃដីកសិកម្មក្នុងខេត្តព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម ។
នាព្រឹកថ្ងៃដដែលនេះដែរ គណៈប្រតិភូ នៃក្រសួងទាំង៣ ក៏បានអញ្ជើញទៅពិនិត្យប្រព័ន្ធស្រោចស្រពជំហានទី២ មានទីតាំងនៅខេត្តព្រៃវែង ដែលមានលទ្ធភាពអាចស្រោចស្រពបាន ៩៣ ១០០ ហិកតា នៅរដូវវស្សា និង២៣ ៣០០ ហិកតា នៅរដូវប្រាំង ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយសហគមន៍ប្រើប្រាស់ទឹក តំណាងសហគមន៍បានស្នើសុំសាងសង់ស្ពានបេឡេរិ៍ចំនួន២កន្លែង ស្ថិតនៅក្នុងភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ជាការឆ្លើយតប លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឲ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងអាជ្ញាធរស្រុក ទៅធ្វើការពិនិត្យ និងសិក្សាទីតាំង ព្រមទាំងលើកគម្រោងសាងសង់ជូនតាមសំណូមពរ របស់ប្រជាសហគមន៍ជាក់ស្ដែង៕