ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌ និងមន្ទីរនានា នៅថ្ងៃទី៣០ កញ្ញានេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មកជូនដល់កងទ័ពឈរជើង ការពារនៅខ្សែក្រវាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្នុងឱកាសអបអរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
ពិធីនេះបានធ្វើឡើង នៅបញ្ហាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹង អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីឈានទៅរក បាវចនាទាំង ៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។
លោកអភិបាលរាជធានី បន្តថា កងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានតួនាទី ភារកិច្ចសំខាន់បំផុត ក្នុងកិច្ចការពារ “ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល បូរណភាពទឹកដី អធិបតេយ្យភាព និងសុខសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា” ។
លោក ឃួង ស្រេង បានបញ្ជាក់ ដើម្បីតបស្នងសងគុណ ក្រោមការផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន និងក្រោមការចង្អុលបង្ហាញ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ហាជីវភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូនយោធិន និងក្រុមគ្រួសារ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ តាមរយៈការចូលរួម គាំទ្រពីក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ ដែលជាអង្គភាព ជួរក្រោយ គាំទ្រអង្គភាពជួរមុខ ដោយបានចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនីមួយៗ ក្នុងស្មារតីសាមគ្គីភាព និងវប្បធម៌ នៃការចែករំលែក ស្របតាមទិសស្លោក “សមរភូមិក្រោយ ត្រូវជួយសមរភូមិមុខ” និង “សមរភូមិមុខការពារ សមរភូមិក្រោយអភិវឌ្ឍ” ។
ជាក់ស្តែងរដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ បានបង្កើតអនុស្សារណៈ ស្តីពីការចងសម្ព័ន្ធ មេត្រីជាមួយអង្គភាពជួរមុខចំនួន ០២ គឺ (១) កងពលធំអន្តរាគមន៍លេខ ៣ ក្នុងខេត្តព្រះវិហារ និង (២) កងពលតូច អន្តរាគមន៍លេខ ១២៨ ចំណុះយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង ។
លោក ឃួង ស្រេង លើកឡើងបន្តថា តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង ១៤ តែងតែបានចងភា្ជប់ មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ មានសកម្មភាពដូចភ្លៀងរលឹម ដែលយ៉ាងហោចណាស់ យើងបានរៀបចំ២ដងក្នុងមួយឆ្នាំ គឺក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយបាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូនដល់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាព រស់នៅបានមួយកម្រិត ដែលនេះ ជាផ្លែផ្កានៃចំណងសម្ព័ន្ធមេត្រី រវាងអង្គភាពជួរមុខ និងអង្គភាពជួរក្រោយ ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៏ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៏លេខ៣ បានថ្លែងថា “បើទោះបីស្ថានការណ៏ នៅតាមបណ្តោយព្រំដែន ប្រទេសជិត មានសភាពស្ងប់ស្ងាត់ក្តី តែកងទព័មិនបានធ្វេសប្រហេស និងមើលស្រាលសភាពការនោះឡើយ ពោលគឺតែងល្បាត ពង្រឹងស្មារតី ការពារបូរណៈភាពទឹកដី មិនឲ្យសត្រូវណាមករំលោភបំពានបានឡើយ សូម្បីបាត់១មីលីម៉ែត្រ”។
លោកឧត្តមសេនីយ៏ បន្តថា “យើងបានកសាងផ្លូវជាច្រើនខ្សែទៅកាន់តំបន់ព្រំដែន ដែលពីមុនសូម្បីតែដើរក៏ពិបាកផង ប៉ុន្តែពេលនេះ យើងអាចធ្វើដំណើរ ដោយរថយន្តយ៉ាងរលូន មានប្រពន្ធ័ទឹកស្អាត ប្រើប្រាស់ នៅតាមបណ្តោយបន្ទាត់ព្រំដែនថែមទៀត”៕