ភ្នំពេញ៖ ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូច្នេះ អាច សម្គាល់ ពាក្យ នេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” (ការពូតដុំបាយជាដុំៗ ដែលយើងហៅថា “បាយបិណ្ឌ”) ។
នៅឆ្នាំ២០២៣នេះ កម្ពុជាប្រារព្ធបុណ្យប្រពៃណីនេះ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។
ថ្ងៃទី៣០ ខែកញ្ញានេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យ ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យ ប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាស ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។
បើតាមតម្រាចារតាមប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជាយើង បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើ ចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេ ធ្វើនៅថ្ងៃ ១៥រោចដែលគេហៅថា បុណ្យ ភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។
នៅក្នុងរយៈពេល ១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជាពិសេសក្រុមនីមួយៗ ដែលបាន រៀបចំជាក្រុម ដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ ៣ ឬ ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ ឬធ្វើភត្តាហារជា ៣ ទៅ ៤ឆ្នាំង ស្មើនឹង ៣ ទៅ ៤មុខ ម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗ ត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗ ក្នុងក្រុមវេនត្រូវជ្រើសរើស យកផ្ទះណាមួយ ដើម្បីប្រមូលនំនែករៀបចំ បាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្ត ស្ដាប់លោកសូត្រថ្វាយបង្គំធម៌សុខោ និងធម៌បរាភវសូត្រ។
មូលហេតុ ដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ
ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជា ទៅចាប់កំណើតនៅ លោកខាងមុខជាអ្វីនោះ។
(ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត) ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។ ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលា កំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាម ញ្ញសម្រាប់ប្រជា រាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។
កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សា ក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សា មានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃ ក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះទើបបណ្ដា ពុទ្ធបរិស័ទនាំគ្នារៀបចំ ពិធីនេះដើម្បីផ្គត់ផ្គង់ព្រះសង្ឃ ប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀតនៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសល ដល់ពពួកបេតជនញាតិ និងញាតិទាំង ៧ សណ្ដានព្រមទាំងតំណញាតិ ច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាព នៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់រងកម្មក្រហល់ ក្រហាយអត់ឃ្លាន ទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។
រដូវ បុណ្យ ភ្ជុំបិណ្ឌ
ចាប់តាំងពីសម័យបុរាណកាល រហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះ ពពួកប្រេតអាច មានឱកាសច្រើន ក្នុងការស្វែងរកចំណីអាហារ ជាងរដូវ ផ្សេងៗទាំងអស់។ ម្យ៉ាងវិញទៀតនៅក្នុងវស្សានរដូវ អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និងកាកសំណល់អសោចិ៍ សម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល ១៥ថ្ងៃនេះមានពពួកបេតជន (ពួកប្រេត) សាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្ប ដែលអត់ឃ្លានអាហារអស់រយៈពេល ជា ច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំង អនុញ្ញាតឲ្យមកស្វែងរកសាច់ញាតិនៅតាមវត្តអារាមផ្សេងៗ ដែលនាំយកចំណីអាហារផ្សេងៗ មកឧទ្ទិសកុសលឲ្យខ្លួន។ ម្យ៉ាងវិញទៀតបើតាមសម្ដីចាស់ៗបុរាណ និយាយតៗគ្នថា ក្នុងរយៈពេល ១៥ថ្ងៃ បើពពួកបេតជនទាំងអស់នោះ ដើរស្វែងរកញាតិចំនួន ៧វត្ត នៅតែមិនឃើញនោះ ពពួកប្រេតទាំងអស់នោះ នឹងស្រែកយំទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាពស្រេកឃ្លាន ក្រហល់ក្រហាយក្នុងចិត្ត។ ជាពិសេសពពួកបេតជនទាំងអស់នោះ នឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។
ការបោះបាយបិណ្ឌ
នៅព្រលឹមម៉ោង ៤ព្រឹក ប្រជាពលរដ្ឋតែងតែនាំគ្នា ដើរទៅវត្ដអារ៉ាមនានា នៅក្នុងភូមិ ឬនៅក្បែរផ្ទះរបស់ខ្លួន ជាមួយនឹងនំចំណីដែលធ្វើរួច ជាស្រេច ដាក់ក្នុងចាន ឬស្បោងដើម្បីទៅវត្ដ។ ការបោះបាយបិណ្ឌ ជាជំនឿអរូបិយមួយផងដែរ ដែលប្រជាពលរដ្ឋ ខ្មែរយើងនិយមធ្វើជា រៀងរាល់ព្រឹកដើម្បី បញ្ជូន ឬឧទ្ទិសកុសលឱ្យទៅញាតិ សន្ដានសាច់សាលោហិតដែលបានចែកឋានទៅបរលោក។
ការបោះបាយបិណ្ឌ (ការបោះដុំបាយ) ជាសកម្មភាពមួយដែលមិនទាន់មានឯកភាពគ្នា នៅក្នុងសង្គមពុទ្ធសាសនិក នៅឡើយដោយអ្នកខ្លះបាន ចាត់ទុកការបោះបិណ្ឌ ជាកិច្ចដ៏សំខាន់មួយមិនអាចខានបាន នៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ខណៈដែលអ្នកខ្លះបានអះអាង និងរិះគន់ថា ការបោះបាយបិណ្ឌ ជាទង្វើមិនត្រឹមត្រូវជាភាពខ្ជះខ្ជាយ ជាការធ្វើមិនគោរពទានជាដើម។ អ្នកដែលជឿថា បោះបាយបិណ្ឌ មានប្រយោជន៍គិតថា បោះបាយបិណ្ឌគឺបោះឲ្យពួកប្រេត (ហេតុនេះទើបនៅតំបន់ខ្លះ មិនហៅបាយបិណ្ឌទេ តែហៅថាបាយប្រេត)។ ចំណែកអ្នកពុទ្ធនិយមខ្លះទៀត បានអះអាងថា ការបោះបាយបិណ្ឌជាការធ្វើទាន មិនត្រឹមត្រូវតាមការបង្រៀនរបស់ព្រះពុទ្ធឡើយ។
ការពូនភ្នំខ្សាច់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
ទាក់ទិននឹងជំនឿ ដែលពុទ្ធបរិស័ទ លើកឡើង អំពីការពូនភ្នំខ្សាច់ នៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ វាជាជំនឿមួយដែល ខ្មែរយើងទូទៅយល់ថា វាល្អ ហើយមានប្រយោជន៍ ទើបពួកគាត់ធ្វើ។ ហើយបានដាក់លុយទៅតាម ភ្នំខ្សាច់នីមួយៗ ព្រមទាំងអុជធូប ស្មាលាកំហុសបាបមួយចំនួន ដែលខ្លួនបានសាងឡើង ដោយមិនបានចាប់អារម្មណ៍កន្លងមក។ ការពូនភ្នំខ្សាច់នេះ ក៏ជាការឧទ្ទិសកុសលមួយ ជូនដល់ឧបការីជន ទាំងឡាយ ដែលបានលាចាកលោកផងដែរ៕
អត្ថបទនេះដកស្រងចេញ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ