ព័ត៌មានជាតិ

ស្ត្រីខ្មែរ៧រូប រងគ្រោះក្នុងអំពើជួញដូរ ត្រូវបាន ជួយសង្គ្រោះ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានអន្តរាគមន៍ និងជួយសង្គ្រោះស្ត្រីខ្មែរ ៦រូប ដែលរងគ្រោះ ដោយការជួញដូរ ទៅធ្វើការនៅប្រទេសឡាវ ។

ពាក់ព័ន្ធ​បញ្ហា​នេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងការបរទេសខ្មែរ និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ ដើម្បីឲ្យនារីរងគ្រោះ ដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់មកដល់ប្រទេសកម្ពុជា ដែលជាស្រុកកំណើត និងបានជួបជុំក្រុមគ្រួសារ ឪពុកម្តាយញាតិមិត្តរបស់ខ្លួនវិញ។

សូមបញ្ជាក់ថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ បានទទួលព័ត៌មាន តាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ៧ រូប ដែលបានបង្ហោះសារអំពាវនាវ ស្វែងរកការជួយសង្គ្រោះពួកគេ ។ ស្ត្រីទាំង៧រូបនេះ ត្រូវបានជនខិលខូចបោកប្រាស់ មកធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ចេញ ពីកន្លែងធ្វើការបន្ទាប់ពីមានបញ្ហា ជាមួយថៅកែ ដែលគ្រោងលក់ពួកគាត់ ទៅប្រទេសទី៣។

ក្រោយពីបានទទួល​ព័ត៌មាន​ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសឡាវ បានសុំការសហការភ្លាម ពីអាជ្ញាធរឡាវ ដើម្បីជួយសង្គ្រោះស្ត្រីខ្មែរទាំង ៧រូបនោះ ។

រហូតមកដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នេះ, នារីខ្មែរ ៦ រូបត្រូវបានជួយសង្គ្រោះ និងកំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព និងមានការយកចិត្តទុកដាក់ខ្ពស់។ ដោយឡែក ស្ថានទូតបាន និងកំពុងបន្តសហការជាមួយកម្លាំងសមត្ថកិច្ចឡាវ បន្តខិតខំជួយសង្គ្រោះនារីខ្មែរ ១ រូបទៀត ៕

To Top