ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យភាគីពាក់ព័ន្ធ ត្រូវរៀបចំមធ្យោបាយ សម្ភារ និងធនធានមនុស្សបានសមស្រប ដើម្បីត្រៀមបង្កាតឆ្លើយតបទាន់ពេលវេលា នូវគ្រោះមហន្ដរាយសម្រាប់វិស័យសាធារណការ។
តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងសាធារណការ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរដូវវស្សា ឆ្នាំ២០២៣ ស្ថានភាពទឹកភ្លៀង បានចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន តម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ អំពីបរិមាណជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ដែលកម្ពស់ទឹកអាចនឹងហក់ឡើងខ្ពស់ និងអាចបង្កឲ្យមានផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ផលដំណាំផ្សេងៗ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន តម្រូវឲ្យមានវិធានការឆ្លើយតបឲ្យបានហ្មត់ចត់ និងទាន់ពេលវេលា ដើម្បីទប់ទល់ និងគ្រប់គ្រងហានិភ័យផ្សេងៗ អាចនឹងកើតមានឡើងជាយថាហេតុ។
ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រសួងសាធារណការ បានបញ្ជាក់ថា «សូមធ្វើការណែនាំដល់ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួង អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស អគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត ព្រមទាំងអង្គភាព ពាក់ព័ន្ធ ត្រូវរៀបចំមធ្យោបាយ សម្ភារ និងធនធានមនុស្សឱ្យបានសមស្រប ដើម្បីត្រៀមបង្ការឆ្លើយតបទៅនឹង គ្រោះមហន្តរាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»។
ក្រសួងបន្ដថា ត្រូវចូលរួមផ្សព្វផ្សាយសភាពការណ៍គ្រោះមហន្តរាយនានា និងប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ពីខ្សែបណ្ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេស ចូលរួមសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថា្នក់ ដើម្បីធ្វើប្រតិបត្តិការឆ្លើយតបនឹងគ្រោះមហន្តរាយ និងស្តារឡើងវិញ។
ក្រសួងបន្ថែមថា ត្រូវចាត់កម្លាំងជាបន្ទាន់ចុះជួសជុល និងតភ្ជាប់ផ្លូវថ្នល់-ស្ពាន ក្នុងករណីមានការកាត់ផ្តាច់ ផ្លូវថ្នល់-ស្ពាន (ការកាត់ផ្តាច់ចរាចរណ៍) ដើម្បីធានាឲ្យមាននិរន្តរភាពចរាចរណ៍ និងលើកសំណើសុំគោលការណ៍ធានាចំណាយមកក្រសួង ឲ្យបានទាន់ពេលវេលា។ ត្រូវចាត់កម្លាំងដំឡើងផ្លាកសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាសុវត្ថិភាព នៅតាមទីតាំងដែល កំពុង និងងាយរងគ្រោះដោយទឹកជំនន់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ និងអ្នកដំណើរ៕