ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ប៉ាទ្រិក ម័រហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២ ខែតុលានេះ បានជួបពិភាក្សាគ្នា ផ្តោតជាសំខាន់ លើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ័ក្រសួងព័ត៌មាន រវាងកម្ពុជានិងអាមេរិក លើកិច្ចការងារពង្រឹងពង្រីកវិស័យព័ត៌មាន ឲ្យបានកាន់ល្អបន្តទៅមុខទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជារួមដល់ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះដែរ លោកប៉ាទ្រិក ម័រហ្វី បានសំដែងនូវការចូលរួមអបអរសាទរដល់លោក នេត្រ ភក្ត្រា ដែលត្រូវតែងតាំងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ។

ជាមួយគ្នានោះរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានសំដែងនូវការអរគុណដល់ លោក ប៉ាទ្រិក ម័រហ្វី ដែលបានអញ្ជើញមកធ្វើការអបអរសាទរ សម្រាប់អាណត្តិការងារជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ក្នុងក្របខណ្ឌ័ក្រសួងព័ត៌មាន ជាមួយស្ថានទូតសហរដ្ឋអាមេរិក ឲ្យបានកាន់រលូន និងល្អប្រសើរទៅមុខជានិច្ច ៕
