ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់អ្នកវិភាគថា ការប្រៀបធៀបនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនាយករដ្ឋមន្ត្រីថៃជារឿងមួយខុស

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងចំពោះមុខកម្មករជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ ដោយបានគូសបញ្ជាក់ទៅកាន់ក្រុមអ្នកវិភាគថា ការយកសម្តេចទៅប្រៀបធៀបជាមួយនាយករដ្ឋមន្ត្រីថៃថ្មី គឺជារឿងមួយខុសតែម្តងព្រោះថា គោលនយោបាយផ្សេងគ្នា។

ការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែតនេះ បន្ទាប់ពីក្រុមអ្នកវិភាគខ្មែរដែលមានមូលដ្ឋាននៅក្រៅប្រទេស បានលើកការវិភាគរបស់ខ្លួននៅតាមបណ្តាសារព័ត៌មានមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលដែលបានលើកសម្តេចជានាយករដ្ឋមន្រ្តីកម្ពុជា ជាមួយនឹងលោក សេដ្ឋា ថាវិស៊ីន ជានាយករដ្ឋមន្រ្តីថៃថ្មី ហើយឡើងកាន់តំណែងស្របពេលដូចគ្នា ហើយក៏ថានាយករដ្ឋមន្រ្តីថ្មីទាំង២ប្រទេសដែលជាប់ភូមិផងរបងជាមួយគ្នានេះ មានភរិយាយជាវេជ្ជបណ្ឌិតដូចគ្នា និងបញ្ចប់ការសិក្សាពីប្រទេសអាមេរិកដូចគ្នាទៀត ក៏ប៉ុន្តែការឡើងជាតំណែងជានាយករដ្ឋមន្រ្តីថ្មីដូចគ្នានេះ គឺខុសត្រង់សម្តេចអត់បានជួបមហាសេដ្ឋីពិភពលោក គឺលោកអ៊ីឡុនម៉ាស់(Elon Musk) នៅលើទឹកដីអាមេរិកដូចលោក សេដ្ឋា ថាវិស៊ីន ខណៈនាយករដ្ឋមន្រ្តីទាំង២បានចូលរួមមហាសន្និបាតអង្គការសហប្រជាតិ កាលពីចុងខែកញ្ញា ។ នាយករដ្ឋមន្រ្តីថៃក៏បានធ្វើដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ តបតាមការអញ្ជើញរបស់សម្តេច ហ៊ុន ម៉ាណែត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ពិធីសំណេះសំណាលជាមួយកម្មករ មានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ នៅព្រឹក៣ តុលាថា មានអ្នកវិ ភាគមួយដែលសម្តេចមិនបញ្ចេញឈ្មោះចំនោះទេដែលបានយកសម្តេចទៅធៀបជាមួយនាយករដ្ឋមន្ត្រីថៃថ្មី “គាត់ដូចជាប្រៀបធៀបគោ និងក្របី ទៅវិញនាយករដ្ឋមន្ត្រីដូចគ្នាមែន ប៉ុន្តែគោលនយោបាយផ្សេងគ្នា តែគិតពីប្រជាពលរដ្ឋដូចគ្នាសូមច្បាស់”។

សម្តេចធិបតីបានបញ្ជាក់ថា «មានអ៊ុំមួយនោះគាត់និយាយថា នាយករដ្ឋមន្ត្រីថៃទៅជួប លោក អ៊ីឡុនម៉ាស់ (Elon Musk) មហាសេដ្ឋីអាមេរិក ដល់លោក ហ៊ុន ម៉ាណែតទៅជួបក្រុមកន្ថោ ។ ចំណុចនេះខ្ញុំគិតថា ចុមចង់វាយប្រហារឲ្យខ្ញុំជួបអ្នកណា! ប៉ុន្តែខ្ញុំមើលចុះឡើងគឺគាត់លើកយកអ្វីដែល ខ្ញុំជួបជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិកក្រៅម៉ោង។ តែគាត់មិនបានលើកឡើងពីការជួបថ្នាក់ដឹកនាំទាំងអាមេរិក ឥណ្ឌា និងមហាអំណាចផ្សេងៗមិននិយាយទេ»។

សម្តេចធិបតីបានស្នើអ្នកវិភាគរូបនោះ កុំមើលតែចំណុចតូចមួយដែលជាការងារក្រៅម៉ោងទៅជួបពលរដ្ឋខ្មែរជាងមួយម៉ោង ព្រោះការជួបថ្នាក់ដឹកនាំធំៗ និងមហាអំណាច ព្រមទាំងជួបជាមួយតំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិដែលសម្តេចបានជួបបែរជាមិននិយាយសោះ។ សម្តេចថា ការពិតលោកនាយករដ្ឋមន្ត្រីថៃបានទៅជួបលោក Elon Muskជាភាគីឯកជនមែន ប៉ុន្តែថ្នាក់ដឹកនាំប្រទេសផ្សេងៗក៏បានជួបមហាសេដ្ឋីអាមេរិករូបនេះនៅក្នុងវេទិកាធុរកិច្ចដែរ។

សម្តេចលើកឡើងទៀតថា ការទៅអាមេរិកសម្តេចបានជួបថ្នាក់ដឹកនាំទាំងអស់ដើម្បីធ្វើការទាក់ទង ឲ្យគេមកធ្វើការបណ្តាក់ទុនរកស៊ីនៅកម្ពុជា និងទទួលការនាំចូលទំនិញពីកម្ពុជា ប៉ុន្តែគ្រាន់តែជំនួបក្រៅផ្លូវការជាមួយប្រជាជនបែរជាយកមកវាយប្រហារសម្តេចទៅវិញ។

សម្តេចគូសបញ្ជាក់ថា «ខ្ញុំបានធ្វើការជាមួយការទូតនយោបាយ ហើយខ្ញុំមិនដែលភ្លេចពីការដើរទាក់ម៉ូយនោះទេ ទោះបីជាទៅចិន ឥណ្ឌូនេស៊ី និងអាមេរិកក៏ដូចគ្នាដែរ។ ខ្ញុំចុះដល់អាមេរិក ខ្ញុំបានជួបជាមួយតំណាងក្រុមហ៊ុនចំនួន៥៨នៅក្នុងវិស័យនានា។ លោកនាយករដ្ឋមន្ត្រីថៃទៅជួប EIon Musk ត្រូវហើយ ខ្ញុំមិនបានជួប តែខ្ញុំបានជួប៥៨ក្រុមហ៊ុនអាមេរិក ក្នុងនោះមានក្រុមហ៊ុនយក្សអាមេរិកជាច្រើន»។

សម្តេចធិបតីបានលើកឡើងថា ក្រុមដែលសម្តេចជួបមានក្រុមយក្សផលិតរថយន្ត ក្រុមយក្សផលិតថ្នាំពេទ្យ ក្រុមហ៊ុនផលិតប្រេងកាតជាដើម ទោះបីជាមិនបានជួបលោកEIon Musk ក៏ដោយ។

ជាមួយគ្នានេះ សម្តេចធិបតីក៏បានផ្តាំទៅកាន់អ្នកធ្វើការបង្អាប់សម្តេចថា គួរមើលឲ្យគ្រប់ជ្រុងជ្រោយសិនចាំមកបន្ទុះបង្អាប់ “សូមឲ្យមានសច្ចាធម៌ខ្លះផង ខ្ញុំមិនខ្លាចទេចំពោះការបង្អាប់នោះ តែខ្ញុំសូមយកវេទិកានេះបញ្ជាក់ថា កុំនិយាយថាមេដឹកនាំកម្ពុជាអត់កំណើត ហើយលើកមេដឹកនាំគេ។ មេដឹកនាំកម្ពុជាក៏ដូចជាមេដឹកនាំគេដែរ គឺខិតខំណាស់ក្នុងការទាក់ទាញអ្នកវិនិយោគមកលើគ្រប់វិស័យនៅកម្ពុជា ។ នេះហើយជាអ្វីដែលខ្ញុំបានធ្វើ»៕

To Top