ព័ត៌មានជាតិ

ភ្ញៀវទេសចរ ត្រូវប្រយ័ត្នចំពោះហានិភ័យផ្សេងៗ អាចកើតឡើងជាយថាហេតុ នារដូវវស្សា ក្នុងរមណីយដ្ឋានអង្គរ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានធ្វើការអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះហានិភ័យផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ នារដូវវស្សា នៅក្នុងរមណីយដ្ឋានអង្គរ។

ការចេញសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរានេះ បន្ទាប់ពីក្រសួងធនធានទឹកបានប្រកាសពី អាកាសធាតុនៅកម្ពុជាដែលកំពុង ទទួលរងនូវឥទ្ធិពលខ្យល់មួយចំនួន បង្កឲ្យមានភ្លៀងធ្លាក់ ជញ្ជ្រំ ផ្គរ រន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ ដែលជាហេតុបណ្តាលឲ្យដីជ្រាយ ងាយរលំ ឬបាក់មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួន នៃរមណីយដ្ឋានអង្គរ។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា «សូមអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ អ្នកបើកបរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅក្នុងអំឡុងពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ”។

ក្នុងនោះ ជាពិសេសកុំចតយានគ្រប់ប្រភេទ ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិយភ័យនានា ដែលអាចបណ្ដាលឲ្យរងរបួស ឬខូចខាត ទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ៕

To Top