ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឧត្ដមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួង ការពារប្រទេស និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ បានប្តេជ្ញារួមគ្នា ថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងលើកម្ពស់ជីវភាព សុខមាលភាពប្រជាជន ប្រទេសទាំងពីរ ។

ក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២ តុលា ថ្នាក់ដឹកនាំកងទ័ពទាំងពីរ បានលើកឡើង ពីលទ្ធផលសម្រេច បានក្នុងបានអនុវត្តផែនការ កិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ក្នុងនោះបាន ផ្លាស់ប្ដូររទស្សនកិច្ច ក៏ដូចជាពិធីសារកិច្ច សហប្រតិបត្តិការ និងការរៀបចំកិច្ចប្រជុំគណៈកម្មការ ប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយ តាមបណ្ដោយព្រំដែន ប្រទេសទាំងពីរ ដើម្បីឆ្លើយតបនឹងសកម្មភាព ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

បន្ថែមលើសនេះ កងទ័ពប្រទេសទាំងពីរ បានផ្ដល់អាហារូបករណ៍ ឲ្យគ្នាទៅវិញទៅមក ព្រមទាំងបានផ្លាស់ប្ដូរព័ត៌មាន ចារកម្មទាន់ពេលវេលា រួមគ្នាបង្ក្រាបបទល្មើស ឧក្រិដ្ឋកម្មឆ្លងដែននានា ពិសេស ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធ ការជួញដូរអាវុធ និងឧក្រិដ្ឋកម្មខុសច្បាប់ផ្សេងទៀត ដោយមានការសម្រប សម្រួលតាមរយៈបណ្តាញការទូត និងគ្រប់យន្តការដែលមានស្រាប់ ។

ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី កងទ័ពប្រទេសទាំងពីរ ក៏មានកិច្ចសហប្រតិបត្តិការ ពហុភាគីផងដែរ ជាក់ស្តែង កាលពីខែកញ្ញា ឆ្នាំ២០២២ កងទ័ពឡាវបានធ្វើជាម្ចាស់ផ្ទះ រៀបចំលំហាត់ហ្វឹកហ្វឺន សង្គ្រោះគ្រោះមហន្តរាយ រួមគ្នា៣ប្រទេស ឡាវ-កម្ពុជា-វៀតណាម នៅរដ្ឋធានីវៀងចន្ទន៍ ប្រកបដោយភាពជោគជ័យ។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ សកម្មភាពនេះ ដែលបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន និងបានប្តេជ្ញារួមគ្នា ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការលើកម្ពស់ជីវភាព សុខមាលភាពប្រជាជនប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់ផងដែរ ៕
