ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីកលូប្រឡាយបង្ហូរទឹកពីតូចទៅធំ ដំឡើងស្ថានីយបូមទឹកឲ្យកាន់តែធំជាងមុន និងតំឡើងស្ថានីយបូមទឹកថ្មីថែមទៀត ដើម្បីបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ស្របពេលប្រជាពលរដ្ឋ រស់នៅភ្នំពេញមានភាពស៊ីវិល័យ។
នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកដឹកនាំកិច្ចប្រជុំ រៀបចំផែនការវិនិយោគ ហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញ ជាមួយអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា “ការរៀបចំប្រព័ន្ធលូ ប្រឡាយរំដោះទឹកបានល្អប្រសើរ រហូតទទួលបានការកោតសរសើរពីអន្តរជាតិ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងក៏នៅតែមានបញ្ហាប្រឈមខ្លះ ដែលទាមទារឲ្យយើងរួមគ្នា ដើម្បីរកដំណោះស្រាយធ្វើយ៉ាងណា បញ្ចៀសឲ្យបានពីការលិចលង់ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង និងយូរម្តងៗ”។
លោកបន្ថែមទៀតថា តាមគោលការណ៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញ ក្នុងរយៈពេល៤ឆ្នាំ ត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រោមដីឲ្យបានល្អ ដោយធ្វើយ៉ាងណា កុំឲ្យមានការគំរាមកំហែងពីជំនន់ទឹកភ្លៀង ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងពីការគិតគូរ ចំពោះប្រព័ន្ធលូ ប្រឡាយ ដែលត្រូវកែលម្អឡើងវិញ ពិសេសការពង្រីក ប្រឡាយបង្ហូរទឹកពីតូចទៅធំ ការដំឡើងស្ថានីយបូមទឹកឲ្យកាន់តែធំជាងមុន និងការដំឡើងស្ថានីយបូមទឹកថ្មីថែមទៀតផងដែរ។ ស្របពេលដែលប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ មានភាពស៊ីវិល័យ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំជាគម្រោងធំមួយ ដើម្បីដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ បានយូរអង្វែងចាប់ពី២០ទៅ៣០ឆ្នាំ ។
សូមបញ្ជាក់ថា គម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរសាធារការភ្នំពេញ និងមន្ទីរធនធានទឹកភ្នំពេញ រៀបចំជាផែនការដាក់ទៅអន្តរក្រសួង ដើម្បីបន្តអនុវត្ត៕






