ភ្នំពេញ ៖ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងមន្ត្រីក្រោមឱវាទ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក សុជីវធម៌ក្នុងការបើកបរ សិទ្ធិអាទិភាព និងសញ្ញាចរាចរណ៍ផ្លូវគោក ជាលើកទី២ ជូនដល់សិក្ខាកាមចំនួន ១២០នាក់ ដែលជាអ្នកបើកបរ ទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ។
លោក ព្រួញ រិទ្ធថា បានថ្លែងឱ្យដឹងថា ការបើកវគ្គបណ្ដុះបណ្ដាល ដល់អ្នកបើកបរម៉ូតូកង់បីពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមពង្រឹងការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ។
លោក ព្រួញ រិទ្ធថា បង្ហាញក្ដីសង្ឃឹម យ៉ាងមុតមាំថា ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ អ្នករត់ម៉ូតូកង់បីក្នុងខេត្តបាត់ដំបង នឹងកាន់តែយល់ដឹងបន្ថែមទៀត ពីច្បាប់ចរាចរណ៍ ការបើកបរ និង ការប្រើប្រាស់ដងផ្លូវ ។
បន្ថែមពីនេះ លោក ព្រួញ រិទ្ធថា បានអំពាវនាវដល់អ្នកបើកបរ និងអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ ត្រូវបង្កើនការគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ ៕