ព័ត៌មានជាតិ

កម្ពុជា មានបំណង ផ្តល់ជំនួយបច្ចេកទេស ផ្នែកកសិកម្ម ដល់គុយបា

រូបភាព នាយករដ្ឋមន្រ្តីកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា អំពីបំណងរបស់កម្ពុជា ក្នុងការផ្តល់ជំនួយបច្ចេកទេស ផ្នែកកសិកម្ម ទៅដល់ប្រទេសគុយបា ។

ការលើករបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodríguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodríguez Barrios) បានបញ្ជាក់ជាថ្មី អំពីជំហររបស់រដ្ឋាភិបាល និងប្រជាជនគុយបា ចំពោះកម្ពុជាថា កម្ពុជា គឺជាមិត្តដ៏ល្អរបស់គុយបា ដែលតែងជួយគ្នាគ្រប់ពេល និង គ្រប់កាលៈទេសៈ ថ្វីបើភូមិសាស្ត្រ នៃប្រទេសយើងទាំងពីរ នៅឆ្ងាយពីគ្នាក៏ដោយ ក៏បេះដូងដ៏កក់ក្តៅ របស់ប្រជាជាតិទាំងពីរ នៅជិតគ្នាជានិច្ច ។

ក្នុងនោះដែរលោកស្រី ឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់អំពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ក្នុងវិស័យជាច្រើន ជាអាទិ៍៖ វិស័យសុខាភិបាល, កសិកម្ម, និងវិស័យសក្តានុពលផ្សេងៗទៀត។

ក្នុងឱកាសនេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្ត រវាងប្រទេសទាំងពីរ ជាពិសេស ក្នុងកាលៈទេសៈដ៏លំបាកបំផុត របស់កម្ពុជា នៅក្រោយការរំដោះចេញ ពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលកាលនោះកម្ពុជា មិនមានមិត្តភក្តិច្រើននៅឡើយ ហើយប្រទេសគុយបា បានក្លាយជាមិត្តដ៏ល្អ ហើយមិត្តភាពនេះក៏បានបន្តរហូតមកដល់បច្ចុប្បន្ន និងក៏កំពុងបន្តពង្រឹង និងពង្រីកទៅមុខកាន់តែរឹងមាំ។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា គុយបា ជាមិត្តដ៏ពិតប្រាកដ និង ជាមិត្តល្អ ដែលតែងជួយគ្នាក្នុងគ្រាលំបាក។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកឡើងអំពីបំណងរបស់កម្ពុជា ក្នុងការផ្តល់ជំនួយបច្ចេកទេស ផ្នែកកសិកម្មទៅដល់ប្រទេសគុយបា រួមទាំងការស្នើជំរុញ ឱ្យមានការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដូចជា៖ ការផ្លាស់ប្តូរទស្សនកិច្ច ទាំងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ និងកម្រិតមន្ត្រីបច្ចេកទេស ព្រមទាំងការផ្លាស់ប្តូររវាងធុរកិច្ច និង ធុរកិច្ច ព្រមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែជិតស្និទ្ធ ដូចជំនាន់ព្រះបរមរតនកោដ្ឋ និងលោកប្រធានាធិបតី ហ្វីដែល កាស្ត្រូ ផងដែរ ។

ជាមួយគ្នានេះ លោកស្រី ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សម្តេចធិបតី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា តបតាមការអញ្ជើញរបស់ លោកប្រធានាធិបតីគុយបា ហើយប្រជាជនគុយបាទាំងអស់ នឹងត្រៀមខ្លួនទទួលស្វាគមន៍ សម្តេចធិបតី យ៉ាងកក់ក្តៅបំផុត។ ជាការឆ្លើយតប សម្តេចធិបតី បានឯកភាពទទួលយកសំណើនេះ ដោយរីករាយ និងបានបញ្ជាក់អំពីបំណងដូចគ្នានេះ ដោយសម្តេចធិបតី នឹងស្វែងរកពេលវេលាសមស្របណាមួយ ក្នុងពេលខាងមុខ៕

To Top