ភ្នំពេញ ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានបង្ហាញការជឿជាក់ថា គោលនយោបាយអភិវឌ្ឍន៍ បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដែលបានចាយពេលអស់មួយឆ្នាំ ដើម្បីរៀបចំ បានចប់សព្វគ្រប់ ពេញលេញ និងគ្រប់ជ្រុងជ្រោយ រហូតដាក់ផ្សព្វផ្សាយ ជាសាធារណៈនាថ្ងៃ៤ តុលានេះ នឹងជួយឲ្យកម្ពុជា អាចទាញ យកអត្ថប្រយោជន៍ ជាអតិបរមាពីបរិវត្តកម្មឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុ និង ផ្ដល់កាលានុវត្តភាពដល់គ្រប់តួអង្គ។

បរិវត្តកម្មឌីជីថល គឺជាការចាប់យក និងទាញយកផលប្រយោជន៍ ជាអតិបរមាពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីគាំទ្របដិវត្តន៍ ឧស្សាហកម្មទី៤ ដែលបង្កើនផលិតភាព ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គម និងសេដ្ឋកិច្ចឌីជីថល ដែលផ្តល់ផលប្រយោជន៍ ដល់ពលរដ្ឋឌីជីថល និងសម្រេចបាននូវការអភិវឌ្ឍ សេដ្ឋកិច្ចមួយខ្ពស់ឡើងជាលំដាប់ ។
ក្នុងឱកាសអញ្ជើញ បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី គោលនយោបាយអភិវឌ្ឍន៍ បច្ចេកទេសវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជឿជាក់យ៉ាងមុតមាំថា “ការអនុវត្តគោលនយោបាយនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងជួយឲ្យកម្ពុជា អាចទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីបរិវត្តកម្មឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុ និងផ្ដល់កាលានុវត្តភាព ដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញ សន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឲ្យកាន់តែមានភាពរស់រវើក និងប្រជាជន តាមរយៈនយោបាយឈ្នះ-ឈ្នះ” ។

លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា «គោលនយោបាយអភិវឌ្ឍ បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» បានកំណត់គោលដៅចម្បងចំនួន៤ ដោយចាត់ទុកការ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើមឈើមួយដើម ឬហៅថា ដើមឈើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Tree) ដោយរួមបញ្ចូលនូវ (១)-ការអភិវឌ្ឍបរិស្ថាន គោលនយោបាយអំណោយផល ដែលតំណាងដោយ«ដី» , (២)-ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ ដែលតំណាងដោយ «ឫស» , (៣)-ការជំរុញ ការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ ដែលតំណាងដោយ «ដើម” និង (៤)-ការជំរុញការអភិវឌ្ឍ និងនវានុវត្តន៍ សកម្មភាពបច្ចេកវិទ្យា ហិរញ្ញវត្ថុ ដែលតំណាងដោយ«មែក» ។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បន្ថែមទៀតថា ដោយសម្លឹងឃើញការវិវឌ្ឍ យ៉ាងរហ័ស នៃវិស័យបច្ចេកវិទ្យាដែលពិបាកប៉ាន់ប្រមាណ ឯកសារគោលនយោបាយនេះ ត្រូវបានចាត់ទុកជា «ឯកសាររស់» ដែលជាកម្មវត្ថុនៃការកែសម្រួលបន្ថែមនាអនាគតអនុលោមតាមឧត្តមានុវត្តន៍ អន្តរជាតិនិងនិន្នាការនៃ ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុជាក់ស្ដែង ។
លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា បច្ចុប្បន្នគ្រប់វិស័យនៃសេដ្ឋកិច្ច និងតំបន់ភូមិសាស្ត្រ ទាំងទីប្រជុំជន និងជនបទ ព្រមទាំងបុគ្គល ទាំងវ័យក្មេង និងវ័យចំណាស់សុទ្ធសឹងកំពុងទទួលឥទ្ធិពលពីបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ។
លោកឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ដើម្បីចាប់យកកាលានុវត្តភាព និងសក្តានុពលដ៏ធំធេង ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ច ជូនគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ក្នុងការដឹកនាំ និងការសម្របសម្រួលដើម្បីរៀបចំ «គោលនយោបាយអភិវឌ្ឍ បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលបានកំណត់ចក្ខុវិស័យរយៈពេលវែង ប្រកបដោយមហិច្ឆតា និង ភាពប្រាកដនិយម ៕





