ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា កម្ពុជា-តួកគី នឹងមានការធ្វើលំហាត់កងទ័ពរួមគ្នា

រូបភាពពី៖​ STPM

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីរំពឹងថា ទៅថ្ងៃអនាគត អាចឈានទៅដល់ការធ្វើលំហាត់រួម ដើម្បីបង្កើននូវទំនាក់ទំនង រវាងកងទ័ព និងកងទ័ព ឱ្យកាន់តែជិតស្និទ្ធ ។

ការបង្ហាញក្តីរំពឹង របស់សម្តេចនាយករដ្ឋមន្ត្រី បែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី អ៊ុលគូ កូចាអាហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា ។

ក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានធ្វើការកត់សម្គាល់ថា ក្រោយការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់ សម្តេចតេជោ ទៅកាន់ប្រទេសតួកគី កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរមានការរីកចម្រើនខ្ពស់ទ្បើងជាលំដាប់ ដោយក្នុងនេះ ទំហំពាណិជ្ជកម្មទ្វេភាគី មានការកើនទ្បើងពីមួយឆ្នាំទៅមួយឆ្នាំ។ ចំពោះវិស័យអប់រំ តួកគី បានផ្តល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជា ព្រមទាំងបានដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលវប្បធម៌តួកគី ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាការបើកឱ្យមានថ្នាក់រៀន ភាសាតួកគីផងដែរ ដោយបច្ចុប្បន្ននេះមាននិស្សិតប្រមាណ ៦០ នាក់កំពុងសិក្សា ។

ជាមួយគ្នានេះ តួកគីក៏បានបង្កើតឱ្យមានជាលើកដំបូងនូវការិយាល័យទីប្រឹក្សាទទួលបន្ទុក កិច្ចការពាណិជកម្មនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិ ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនទៅមុខឆាប់រហ័ស ។ លើសពីនេះទៀត លោកស្រីឯកអគ្គរដ្ឋទូត ក៏បានបង្ហាញអំពីបំណង ក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ទៅលើវិស័យផ្សេងៗទៀត ដូចជា៖ វិស័យសុខាភិបាល, កសិកម្ម, បរិស្ថាន, ការពារជាតិ និងការអនុវត្តច្បាប់ ជាដើម ។ល។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៅតែបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី ជាពិសេសលើកម្មវិធី និងគម្រោងនានា ដែលកំពុងអនុវត្ត។ ជាក់ស្តែង នៅក្នុងវិស័យអប់រំ តួកគីបានផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ហើយកម្ពុជា ក៏កំពុងសិក្សាអំពីលទ្ធភាព ក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតតួកគីវិញផងដែរ ។

ក្នុងជំនួបនេះ សម្តេចធិបតី ក៏បានបង្ហាញនូវក្តីរំពឹងទុកផងដែរថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-តួកគី នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកឱ្យស៊ីជម្រៅបន្ថែមទៀត ជាពិសេសនៅក្នុងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន, វិស័យអប់រំ, កសិកម្ម, ទេសចរណ៍ និងពាណិជ្ជកម្ម ដោយ សម្តេចធិបតី បានលើកទឹកចិត្តឱ្យ លោកស្រីឯកអគ្គរដ្ឋ ជួបផ្ទាល់ ជាមួយបណ្តារដ្ឋមន្ត្រី នៃក្រសួង-ស្ថាប័នទាំងនោះផងដែរ ។

ចំពោះវិស័យការពារជាតិវិញ សម្តេចមហាបវរធិបតី បានរំពឹងទុកផងដែរថា “នឹងមានការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងការចែករំលែកព័ត៌មានជាដើម ហើយតទៅអនាគត ក៏អាចឈានទៅដល់ការធ្វើលំហាត់រួម ដើម្បីបង្កើននូវទំនាក់ទំនងរវាងកងទ័ព និងកងទ័ព ឱ្យកាន់តែជិតស្និទ្ធ”៕

To Top