វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានកោះប្រជុំសន្និសីទមួយជាមួយមេដឹកនាំនៃប្រទេសកាណាដា ជប៉ុន និងបណ្តាប្រទេសអឺរ៉ុប ដោយប្រាប់ពួកគេថា ទីក្រុងវ៉ាស៊ីនតោន នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយអ៊ុយក្រែន។
ការអំពាវនាវនេះត្រូវបានធ្វើឡើងបន្ទាប់ពីច្បាប់ផ្តល់មូលនិធិឈប់សម្រាករយៈពេល ៤៥ ថ្ងៃដែលត្រូវបានអនុម័តដោយសភាសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាលសហព័ន្ធដែលមិនរាប់បញ្ចូលជំនួយបន្ថែមទៀតសម្រាប់អ៊ុយក្រែន ដោយជំរុញឱ្យមានការព្រួយបារម្ភលើការធ្លាក់ចុះសក្តានុពលនៃការគាំទ្ររបស់រដ្ឋបាលលោក បៃដិន សម្រាប់ទីក្រុងគៀវ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ប្រធានាធិបតីលោក ចូ បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា យើងមិនអាចស្ថិតក្រោមកាលៈទេសៈណាក៏ដោយ អនុញ្ញាតឱ្យការគាំទ្ររបស់អាមេរិកសម្រាប់អ៊ុយក្រែនត្រូវបានរំខាន” ។
យោងតាមលោក Kirby មេដឹកនាំបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់គ្រាប់រំសេវ និងសព្វាវុធដែលអ៊ុយក្រែន ត្រូវការដើម្បីការពារទឹកដី និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួនពីការវាយប្រហាររបស់រុស្ស៊ី ក៏ដូចជាវិធី ដើម្បីជំរុញការស្តារសេដ្ឋកិច្ចរបស់ប្រទេស ដែលហែកហួរដោយសង្រ្គាមមួយនេះ។
លោក បៃដិន បានចុះហត្ថលេខាលើច្បាប់នេះ ដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាលសហព័ន្ធចាប់ពីថ្ងៃទី០១ ខែតុលា ដែលជាការចាប់ផ្តើមនៃឆ្នាំសារពើពន្ធដល់ថ្ងៃទី១៧ ខែវិច្ឆិកា។
ការដាក់បញ្ចូលការចំណាយបន្ថែមទៀតសម្រាប់អ៊ុយក្រែនត្រូវបានជំទាស់យ៉ាងខ្លាំងដោយបក្សពួកនៃគណបក្សសាធារណរដ្ឋស្តាំនិយមនៅក្នុងសភាតំណាងរាស្រ្ត បានអនុម័តការលុបចោលនេះ ដើម្បីការពាររដ្ឋាភិបាលសហរដ្ឋអាមេរិក ពីការប្រឈមមុខនឹងការបិទទ្វារ៕
ប្រែសម្រួល ឈូក បូរ៉ា