ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល សន្សំថវិកាបានជាង ២០០លានដុល្លារ ពីការព្យួរចោលគម្រោង មិនចាំបាច់មួយចំនួន

រូបភាព ដើមអម្ពិល ម៉ៅ ដារ៉ាត់

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា សន្សំបានថវិកាជាតិជាង ២០០លានដុល្លារ ពីការព្យួរចោលគម្រោងការងារ ដែលមិនចាំបាច់ តាមបណ្ដាក្រសួង ស្ថាប័នមួយចំនួន ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦ នាថ្ងៃ៥ តុលា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ថ្ងៃមុនគ្រាន់តែខ្ញុំឲ្យកែសម្រួល ព្យួរការចំណាយទៅលើកិច្ចការ មិនសំខាន់មួយចំនួន ខ្ញុំសន្សំបាន២០០លានដុល្លារជាង សម្រាប់២០២៣នេះ ហើយ២០០លានដុល្លារនេះ យកទៅណា? ថវិកាដែលយើងបង្កើនការ គាំពារសង្គម ទឹកជំនន់មក បើសិនជាខ្ញុំមិនហ៊ានកាត់ថវិកាហ្នឹងទេ ហើយថវិកានេះ អត់មានប៉ះពាល់ដល់មន្ត្រីអីទេ គ្រាន់តែគម្រោង សិក្សាមួយចំនួន ដែលវាមិនទាន់ចាំបាច់ ព្យួរវាសិនទៅ យកលុយហ្នឹងមក ដើម្បីទៅជួយប្រជាពលរដ្ឋ ដាក់ឲ្យចំគោលដៅ នៃការកំណែទម្រង់ គឺល្អជាង» ។

សម្ដេចគូសបញ្ជាក់ថា ត្រូវហ៊ានលះបង់ទាំងអស់គ្នា ដើម្បីផលប្រយោជន៍រួម ហើយបើទោះបីជាប៉ះពាល់ផលប្រយោជន៍អ្នកកាន់គម្រោង ក៏នៅតែធ្វើដែរ។

សម្ដេចធិបតីលើកឡើងថា ការរៀបចំគោលនយោបាយនេះ កាត់ពីគម្រោងដែលមិនចាំបាច់ យកមកដាក់ក្នុងគម្រោងឲ្យចំគោលដៅ ព្រោះកាលណាសរសរកាន់តែរឹងមាំហើយ ផ្ទះក៏រឹងមាំដែរ ដូច្នេះវិស័យអប់រំក៏ដូចគ្នាដែរ។
សម្ដេចបន្ថែមថា ការគាំទ្រទៅវិស័យអប់រំ ជាពិសេសដល់លោកគ្រូអ្នកគ្រូច្រើនជាងមន្រ្តីធម្មតានោះ សម្ដេចសង្ឃឹមថា នឹងមិនមានការកុំច្រណែនគ្នា ៕

To Top