ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអំពី ការចូលរួមសោកស្តាយនូវការបាត់បង់អាយុជីវិត របស់និស្សិតខ្មែរ នៅអ៉ីស្រាអែល និងខិតខំធ្វើយ៉ាងណា សម្របសម្រួល ក្នុងការនាំយកសាកសពនិស្សិតខ្មែរ មកកាន់កម្ពុជាវិញដើម្បីធ្វើបុណ្យតាមប្រពៃណី ហើយរាល់បន្ទុកទាំងអស់ជារបស់រាជរដ្ឋាភិបាលតែម្តង ។
យោងតាមសារសំឡេងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈតេឡេក្រាម នាថ្ងៃទី៨ តុលានេះ បានឱ្យដឹងថា “នៅក្នុងពេញមួយយប់នេះ យើងបានធ្វើការទំនាក់ទំនង ជាមួយប្រជាពលរដ្ឋខ្មែរ និងនីស្សិតខ្មែរយើង បានភាគច្រើន នៅក្នុងប្រទេសអ៊ីស្រាអែល និងបានកំណត់ទីតាំងរបស់ពួកគាត់ ។ នៅក្នុងនោះ យើងបានខិតខំជួយសង្រ្គោះនីស្សិត៣រូប នៅក្នុងចំណោម៤រូប ដែលម្នាក់បានស្លាប់ នៅសល់៣រូប ចេញពីតំបន់ក្រហម ហើយបានយកគាត់មកតំបន់សុវត្ថិភាព ហើយស្នាក់នៅជាមួយនឹងកុងស៊ុលកិត្តិយសរបស់កម្ពុជា នៅអ៊ីស្រាអែល “។
ក្នុងន័យនេះ រាជរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងកសិកម្ម ក្រសួងពាក់ព័ន្ធ បានធ្វើការជាប់ជាប្រចាំ មកដល់ម៉ោងនេះ ជាមួយនឹងដៃគូរបស់ខ្លួននៅអ៊ីស្រាអែល ដើម្បីព្យាយាមធ្វើយ៉ាងណា ទី១ គឺធ្វើការសហការ ជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល សមត្ថកិច្ចអ៊ីស្រាអែល ដើម្បីផ្តល់ការការពារនូវសុវត្ថិភាព របស់ប្រជាពលរដ្ឋខ្មែរយើងដែលនៅទីនោះ ទី២ គឺទាក់ទងជាមួយនឹងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីនោះ ទាំងនិស្សិត ទាំងបងប្អូនផ្សេង ដើម្បីធ្វើយ៉ាងណា យើងអាចទាក់ទង និងដឹងពីសុខទុក្ខរបស់គាត់ នឹងអាចផ្តល់នូវការសហការ សម្របសម្រួល ជាមួយអាជ្ញាធរអ៊ីស្រាអែល ជួយគាត់នៅក្នុងករណីចាំបាច់នានា ដែលកើតមាននៅទីនោះ ធ្វើយ៉ាងណាធានានូវសុវត្ថិភាព និងជាពិសេសអាយុជីវិត របស់ពួកគាត់ ទទឹមនឹងនេះ ខ្ញុំសូមឲ្យបងប្អូនខ្មែរយើង ដែលមានវត្តមាននៅអ៊ីស្រាអែល ជាថ្មីម្តងទៀត គឺសូមធ្វើយ៉ាងណា រក្សានូវកន្លែងសុវត្ថិភាពរបស់ខ្លួន ហើយស្តាប់និងអនុវត្តតាម ឲ្យបានខ្ជាប់ខ្ជួន នូវគោលការណែនាំ របស់អាជ្ញាធរអ៊ីស្រាអែល អាជ្ញាធរនៅនឹងកន្លែង ព្រោះស្ថានភាពនៅទីនោះ មិនទាន់ចប់នៅឡើយ ហើយអាចប្រែប្រែលគ្រប់វិនាទីទាំងអស់” ។
សម្តេចធិបតីបញ្ជាក់ថា “ជាចុងក្រោយនេះ ចំពោះគ្រួសាររបស់និស្សិតរបស់យើង ដែលបានទទួលមរណភាព គឺខ្ញុំសូមសម្តែង នូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ នៅកូន នៅបងប្អូននៅចៅជាទីស្រលាញ់ ហើយរាជរដ្ឋាភិបាល ខិតខំធ្វើយ៉ាងណា សហការជាមួយនឹងអាជ្ញាធរ អ៊ីស្រាអែល ដើម្បីសម្របសម្រួល ទៅតាមពេលវេលា ដែលអាចធ្វើទៅបាន ដើម្បីចាត់ចែងបុណ្យសព របស់និស្សិតដែលបានទទួលមរណភាពនោះ អោយបានសមរម្យ ហើយរាជរដ្ឋាភិបាល នឹងខិតខំ សម្របសម្រួល តាមលទ្ធភាព ដែលអាចធ្វើទៅបាន ជាមួយអាជ្ញាធររបស់អ៊ីស្រាអែល ដើម្បីធ្វើមាតុភូមិនិវត្តនៃសពរបស់និស្សិតរបស់យើងមកកាន់ប្រទេសកម្ពុជា ដែលអាចឲ្យគ្រួសាររៀបចំបុណ្យតាមប្រពៃណី ហើយកិច្ចការងារក្នុង ចាត់ចែង ការត្រឡប់ និងបុណ្យសពនេះជាបន្ទុករបស់រាជរដ្ឋាភិបាល “៕