ភ្នំពេញ៖ បើគិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកត្រឹមខែកញ្ញា ឆ្នាំ២០២៣ មានអ្នកជំងឺជិត១,២លាននាក់ បានមកទទួលសេវាពិនិត្យ និង ព្យាបាល នៅមន្ទីរពេទ្យព្រះអង្គឌួង។ នេះបើតាមការបញ្ជាក់ពី លោកស្រី ឃួន វ៉ាន់ឌី អនុប្រធានការិយាល័យផ្នែក ប.ស.ស. នៃមន្ទីរពេទ្យព្រះអង្គឌួង។
លោកស្រី ឃួន វ៉ាន់ឌី ចាត់ទុកថា ទោះបីជាប្រជាពលរដ្ឋដែលប្រើប័ណ្ណ ប.ស.ស. រឺ ប័ណ្ណសមធម៌ រឺអ្នកត្រូវបង់លុយដើម្បីទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺក្តី គឺសុទ្ធតែជាអ្នកជម្ងឺរបស់មន្ទីរពេទ្យដូចគ្នាទាំងអស់។ ដូចនេះ សម្រាប់អ្នកជម្ងឺដែលប្រើប័ណ្ណ ប.ស.ស. ក៏ទទួលបានការយកចិត្តទុកដាក់ដូចគ្នាពីក្រុមគ្រូពេទ្យ។
លោកស្រី បញ្ជាក់ថា គ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង និងមន្ត្រីផ្នែក ប.ស.ស. ដែលប្រចាំការក្នុងមន្ទីរពេទ្យនេះ សហការគ្នាយ៉ាងល្អក្នុងការសម្របសម្រួលឲ្យមានភាពងាយស្រួល និងរហ័ស សម្រាប់អ្នកជម្ងឺមកទទួលសេវាពិនិត្យសុខភាព និងព្យាបាលជម្ងឺ។
លោកស្រី លើកទឹកចិត្តដល់អ្នកមានប័ណ្ណ ប.ស.ស. ទាំងអស់មកទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺ នៅមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់គ្រប់ផ្នែកទាំងអស់ រួមមាន ផ្នែកច្រមុះ បំពង់ក ផ្នែកភ្នែក ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកមាត់ធ្មេញ និងផ្នែកជម្ងឺទូទៅជាដើម។
ចំណែក លោក ម៉ៅ សុភក្តី ប្រធានក្រុមភ្នាក់ងារ ប.ស.ស. ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង បញ្ជាក់ថា ជាមធ្យមក្នុងថ្ងៃធម្មតា មានអ្នកជម្ងឺប្រមាណ៦រយនាក់ មកទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យនេះ ដោយប្រើប្រាស់ ប័ណ្ណ ប.ស.ស.។ ដោយឡែក សម្រាប់ថ្ងៃអាទិត្យ អាចកើនដល់ជាង១ពាន់នាក់។
លោក មើលឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកប្រើប័ណ្ណ ប.ស.ស. មកទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺនៅមន្ទីរពេទ្យនេះ កាន់តែកើនឡើង ដោយជាមធ្យមក្នុងមួយខែមានប្រហែលជា ៣ម៉ឺននាក់។ ដូចនេះ ទើបមន្ត្រីផ្នែក ប.ស.ស. ត្រូវប្រចាំការឆ្លាស់វេនគ្នា២៤ម៉ោង លើ២៤ម៉ោង ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួងនេះ ដើម្បីរង់ចាំសម្រួលដល់អ្នកមកទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺ ដែលមានប័ណ្ណ ប.ស.ស.។
ចំពោះ លោកស្រី ជា ស៊ីវន ជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលបានមកទទួលសេវាពិនិត្យ និង ព្យាបាលជម្ងឺចំនួន៤ដងមកហើយ នៅមន្ទីរពេទ្យព្រះអង្គឌួង បានបញ្ជាក់ថា ការប្រើប្រាស់ប័ណ្ណ ប.ស.ស. គឺទទួលអត្ថប្រយោជន៍ និងចំណេញថវិកាច្រើន ព្រោះមុនពេលចូលជាសមាជិក ប.ស.ស. លោកស្រី ត្រូវចំណាយលុយប្រមាណ៧រយដុល្លារ ក្នុងការព្យាបាលជម្ងឺភ្នែករបស់លោកស្រី ប៉ុន្តែក្រោយពេលលោកស្រី បានបង់ភាគទានប្រចាំខែប្រមាណ ១៥៦០០រៀលក្នុងមួយខែ ដើម្បីចូលជាសមាជិក ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍ បានរយៈពេល៤ខែមកហើយនេះ លោកស្រីនៅតែបន្តមកពិនិត្យ និងព្យាបាលជម្ងឺ ដោយមិនមានចំណាយលុយអ្វីទាំងអស់ ហើយក៏ទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យទៀតផង។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់វិស័យឯកជន (កម្មករនិយោជិត) ចាប់ពីឆ្នាំ២០១៦ និងសម្រាប់វិស័យសាធារណៈ (មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ អតីតយុទ្ធជន) ចាប់ពីឆ្នាំ២០១៨។ របាយការណ៍របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថាគិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ សមាជិកដែលប្រើប្រាស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព មានសរុបចំនួនជាង ៣,២លាននាក់។ ក្នុងនោះ ក្នុងឆមាសទី១ ឆ្នាំ២០២៣ អ្នកដែលបានប្រើប្រាស់ ប័ណ្ណ ប.ស.ស. សម្រាប់ទទួលសេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលរបស់រដ្ឋ និង ឯកជន មានចំនួនជិត២,២លាននាក់។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ មានមូលដ្ឋានសុខាភិបាលចំនួន១៥១៨ បានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. នៅទូទាំងប្រទេសកម្ពុជា ដែលរួមមានទាំងមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងមូលដ្ឋានសុខាភិបាលឯកជន៕