ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ទូរសព្ទជួបផ្ទាល់ ជាមួយក្រុមគ្រួសារ និស្សិត ចាន់​ ឧត្តម​ ដែលបាត់បង់ជីវិត​នៅ​អ៊ីស្រាអែល​

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទូរសព្ទជួបផ្ទាល់ ជាមួយក្រុមគ្រួសារ នៃសពឈ្មោះ ចាន់ ឧត្តម និស្សិតសាកលវិទ្យល័យភូមិន្ទកសិកម្ម ដែលបាត់បង់ជីវិត​នៅ​អ៊ីស្រាអែល​ដេីម្បីបញ្ជាក់ពីការសោកស្តាយ​ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត​ ។ នេះបើយោងតាមឆានែលតេឡេក្រាមសម្តេចធិបតី នាថ្ងៃ៨តុលា ។

ក្នុងនោះសម្តេចធិបតី បានសម្តែង នូវសេចក្តីសោកស្តាយ​ចំពោះការបាត់បង់ធនធានមនុស្សរបស់កម្ពុជា​ ដោយនិស្សិត​ ចាន់​ ឧត្តម​ និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម​ បានបាត់បង់ជីវិត ក្នុងការវាយប្រយុទ្ធគ្នា រវាងកងទ័ពអ៉ីស្រាអែល​ និងក្រុមហាម៉ាស់​ ។

ក្នុងនោះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី​ បានចាត់តាំងលោក មែ​ ស៉ីថន​ តំណាងខុទ្ទកាល័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី​ អញ្ជេីញទៅសាកសួរសុខទុក្ខ​ នាំនូវសារលិខិតមរណទុក្ខ​ និងរំលែកទុក្ខរបស់សម្តេចធិបតី​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ ជូនដល់ក្រុមគ្រួសារនៃសព។

ប្រភពបានបញ្ជាក់ថា “សម្តេចធិបតី​នាយករដ្ឋមន្ត្រី​ បានទូរសព្ទជួបផ្ទាល់ ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិត​ ដេីម្បីបញ្ជាក់ពីការសោកស្តាយ​ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត​ ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការបាត់បង់កូនប្រុស​ ចៅប្រុស​ និងប្អូនប្រុសជាទីស្រលាញ់​ និងជាធនធានមនុស្សបញ្ញវន្តដ៏មានសក្តានុពលរបស់កម្ពុជា​ ដែលបាន និងកំពុងបំពេញបេសកកម្មសិក្សាបង្កេីនសមត្ថភាព​ ដេីម្បីយកមកបម្រេីឧត្តមប្រយោជន៍ជាតិ​ សាសនា​ និងព្រះមហាក្សត្រ​ និងប្រជាជនកម្ពុជា​ ជាទីស្នេហាបំផុតរបស់យេីង”។

ព្រមជាមួយគ្នានេះ​ សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ក៏សូមបួងសួងដល់វិញ្ញាណក្ខន្ធនិស្សិត​ ចាន់​ ឧត្តម​ បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លៀតឡេីយ។

សូមបញ្ជាក់ផងដែរ​ ដេីម្បីជួយរំលែកបន្ទុកមួយចំណែក​ និងសេចក្តីសោកសង្រេង នៃការបាត់បង់និស្សិត​ចំពោះក្រុមគ្រួសារនៃសព​ សម្តេចធិបតី​នាយករដ្ឋមន្ត្រី​ សម្រេចទទួលបន្ទុកលេីការនាំសពមាតុភូមិនិវត្ត​ន៍ ព្រមជាមួយនឹងការចាត់ចែងរៀបចំពិធីបុណ្យសព​ ដោយរ៉ាប់រងការចំណាយទាំងអស់៕

To Top