ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវឲ្យបញ្ឈប់ប្រើរូបភាពហិង្សា និងរូបភាពបំពានសិទ្ធិបុគ្គលឯកជន

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពាវនាវជាថ្មីឲ្យបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា និងរូបភាពបំពានលើសិទ្ធិបុគ្គលឯកជន នៅលើទំព័រសារព័ត៌មាន ឬលើបណ្តាញសង្គមទៀត ព្រោះមានផលប៉ះពាល់អវិជ្ជមានច្រើនយ៉ាង។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ លោក ប៉ែន បូណា បានរំលឹកថា នៅស្រុកគេពិសេសប្រទេសជឿនលឿន សារព័ត៌មានមិនយករឿងចោរលួច ចោរប្លន់ម៉ូតូ រឿងក្មេងទំនើងវ៉ៃគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍ ឬឃាតកម្ម ហិង្សាមកធ្វើជារឿងសំខាន់ហើយពង្រីកដាក់លើទំព័រមុខទេ ។

លោកបន្ដថា គេ(បរទេស)ច្រើនសរសេរជារឿងខ្លីៗដាក់នៅទំព័រខាងក្នុងតែប៉ុណ្ណោះ ដោយមិនប្រើរូបថត លើកលែងតែករណីនោះជារឿងធំពាក់ព័ន្ធបុគ្គលល្បីៗទើបគេសរសេរវែង ប៉ុន្តែយ៉ាងណាក៏គេត្រូវគោរពក្រមសីលធម៌ខ្ពស់ ពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាពអំពើហិង្សា ឬឃាតកម្មជាដើមពីព្រោះគេគិតពីផលប៉ះពាល់អវិជ្ជមានផ្សេងៗនិងការគោរពសិទ្ធិបុគ្គលឯកជន។ ក្រមសីលធម៌បែបនេះ នរណាក៏ដឹងដែរ ពិសេសបញ្ញវន្តអ្នករៀនសូត្រចេះដឹង និងអ្នកសារព័ត៌មាន។

ការលើកឡើងរបស់លោកអ្នកនាំពាក្យនេះ បន្ទាប់ពីមានករណីឃាតកម្មមួយកើតឡើងយ៉ាងសាហាវព្រៃផ្សៃធ្វើឲ្យម្តាយ-កូន២នាក់ស្លាប់ក្នុងថ្លុកឈាមក្រោមកណ្តាប់ដៃជនល្មើសជាឪពុក ហើយមានសារព័ត៌ មានមួយចំនួនបានបន្តចែកចាយរូបភាពទាំងនោះ ហើយត្រូវបានសារព័ត៌មានបរទេសផ្សាយជាខេមរភាសាបានស្រង់ប្រសាសន៍របស់លោកចុះផ្សាយ ហាក់ឃ្លាតន័យដើម ដោយភ្ជាប់រូបភាពរបស់លោកផងដែរ ។

ចំពោះករណីនេះលោកប៉ែន បូណា បានចោទជាសំណួរថា “ចុះហេតុអ្វីបានជាសារព័ត៌មានខ្លះមិនយល់រឿងនេះ? តើសកម្មជនសិទ្ធិមនុស្សរូបណា ដែលចង់ឃើញរូបភាពហិង្សា ខ្វះការគោរពសិទ្ធិបុគ្គលឯកជន នៅលើទំព័រមុខសារព័ត៌មាន? អ្នកសារព័ត៌មានដែលសរសេរអត្ថបទនេះទៀតសោតមិនបានផ្ទៀងផ្ទាត់ថា តើសម្តីដើមរបស់ខ្ញុំចង់និយាយពីអ្វី និងក្នុងបរិបទអ្វីនោះឡើយ។ នេះជាភាពខ្សត់ខ្សោយខាងវិជ្ជាជីវៈដោយគ្រាន់តែលឺគេថា ហើយបន្ថែមល្បោយខ្លួនឯង តុបតែងបានជាសាច់រឿងមួយវែងអន្លាយដើម្បីវាយប្រហារអ្នកដទៃ ឬវាយប្រហារលើរាជរដ្ឋាភិបាល” ។

លោក ប៉ែន បូណាសង្កត់ធ្ងន់ថា «ខ្ញុំសូមបញ្ជាក់ជំហរជាថ្មី ក្នុងនាមជាអ្នកធ្លាប់ប្រឡូកក្នុងអាជីពនេះ ៣០ឆ្នាំហើយដែលបានរួមចំណែកក្នុងការកាត់បន្ថយរូបភាពហិង្សា លើទំព័រសារព័ត៌មាន ក៏ដូចជាក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ សូមឲ្យបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា រូបភាពដែលបំពានលើសិទ្ធិបុគ្គលឯកជន នៅលើទំព័រសារព័ត៌មានឬលើបណ្តាញសង្គមតទៅទៀត ពីព្រោះវាមានផលប៉ះពាល់អវិជ្ជមានច្រើនយ៉ាងណាស់»៕

To Top