ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ ត្រូវសងគុណចាស់ ឲ្យសមនឹងគុណបំណាច់ របស់ពួកគាត់ សម្រាប់ជាតិមាតុភូមិកន្លងមក

រូបភាព សាលារាជធានី

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសសមាគមមនុស្ស ចាស់កម្ពុជា រាជធានីភ្នំពេញ បានលើកឡើងថា ការជួយមនុស្សវ័យចាស់ ប្រៀបបានទៅ នឹងការជួយខ្លួនឯង ដែលត្រូវមានការតបស្នងសងគុណ ចំពោះមនុស្សវ័យចាស់ ឲ្យសក្តិសមទៅនឹង គុណបំណាច់ របស់ពួកគាត់ ដែលបានខិតខំប្រឹងប្រែង សម្រាប់ជាតិមាតុភូមិកន្លងមក ។

ការលើកឡើងរបស់លោក ឃួង ស្រេង បែបនេះក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខមនុស្ស វ័យចាស់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងចូលរួមអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នាព្រឹកថ្ងៃ៩ តុលា ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ធ្វើឡើង ក្រោមប្រធានបទ ការជួយមនុស្សវ័យចាស់ គឺជួយយើងទាំងអស់គ្នា ។ ប្រធានបទនេះ ពិតជាបានបង្ហាញឲ្យឃើញ កាន់តែច្បាស់អំពីតម្លៃនៃអំពើល្អ ចំពោះមនុស្សវ័យចាស់ ក្នុងវប្បធម៌ដ៏ល្អផូរផង់ នៃសង្គមជាតិ ពោល គឺការជួយមនុស្សវ័យចាស់ ប្រៀបដូចជាការជួយ ខ្លួនឯង ដូច្នេះត្រូវមានការតបស្នងសងគុណ ចំពោះមនុស្សវ័យចាស់ ឲ្យសក្តិសមទៅនឹង គុណបំណាច់របស់ពួកគាត់។

អភិបាលរាជធានីភ្នំពេញបន្តថា សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានកិតិ្តយសគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងបានផ្ដល់ក្ដីអាណិតស្រឡាញ់ យកចិត្តទុកដាក់ ផ្តល់តម្លៃ និងគិតគូរពីសុខទុក្ខ ដល់មន្ត្រីរាជការ និវត្តន៍ជនជារៀមច្បង និងមនុស្សវ័យចាស់ទាំងអស់ ដោយបានផ្តល់តម្លៃយ៉ាងធំធេង តាមរយៈការកំណត់យក ថ្ងៃទី១ ខែតុលា ជាថ្ងៃប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ជារៀងរាល់ឆ្នាំ។ មនុស្សចាស់ ជាប្រភព នៃបទពិសោធន៍មិនចេះរីងស្ងួត សម្រាប់មនុស្សវ័យក្មេងជំនាន់បច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗទៀត។ អត្ថន័យនៃការប្រារព្ធទិវានេះ ក៏ជាការរំលឹកដល់គុណូបការៈចំពោះ មន្ត្រីរាជការ និវត្តន៍ជនទាំងអស់ ដែលធ្លាប់បាន ចូលរួមចំណែកស្តារ កសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក រហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនឥតគណនា ។

លោកបានបញ្ជាក់ថា បើតាមស្ថិតិរបស់ក្រសួងផែនការ មនុស្សវ័យចាស់កម្ពុជា នៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ មាននិន្នាការកើនឡើង ក្នុងអត្រាប្រមាណ ៤% ក្នុងមួយឆ្នាំ ខណៈមនុស្សវ័យក្មេង មានអត្រា កើនឡើងត្រឹមតែ ១% ក្នុងមួយឆ្នាំតែប៉ុណ្ណោះ ហើយតាមការព្យាករណ៍ ចំនួនមនុស្សវ័យចាស់នៅកម្ពុជា នឹងកើនឡើងដល់ប្រមាណ ២លាននាក់ ស្មើនឹង ១១% នៃចំនួនប្រជាជនសរុប ១៨លាននាក់ នៅឆ្នាំ២០៣០ ។

ក្នុងនោះ ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ និងដើម្បីចូលរួមអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានពាំនាំនូវអំណោយដ៏ថ្លៃថ្លា របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោកតា លោកយាយ លោកអុំ លោកពូ អ្នកមីង និងបងប្អូននិវត្តន៍ជន ដែលជាសមាជិក-សមាជិកា សមាគមមនុស្ស ចាស់ ចំនួន ៥២៥នាក់ផងដែរ៕

To Top